(ស្វាយេរៀង)៖ លោកស្រី ដួង វណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងក្រុមការងារ, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ៦៧ នាក់ក្នុងនោះស្ត្រី៣៩នាក់ ចុះពិនិត្យព្យាបាលជំងឺទូទៅ វះកាត់តូច និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំឈើទាល ឃុំស្វាយធំនិងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃបានចំនួន ១២៥៥នាក់ ក្នុងនោះស្ត្រី៦៧០នាក់ នៅបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត គុជ ស៉ីថា បានថ្លែងថា ថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង មានចំនួន៦៧នាក់ បានចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចំនួន៣នៃស្រុកស្វាយជ្រំ ដោយបានព្យាបាលជំងឺទូទៅ វះកាត់តូចនិងចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋបានចំនួន១២៥៥នាក់ ក្នុងនោះដែរ ជំងឺទូទៅមនុស្សចាស់បានចំនួន ៥៦៩ នាក់ ជំងឺទូទៅកុមារចំនួន៣៥៧ នាក់ ជំងឺស្ត្រីមានចំនួន ៨៤នាក់ ជំងឺសន្លាក់ឆ្អឹងចំនួន៨២នាក់ អេកូសាស្រ្តចំនួន៤៤នាក់ ត្រចៀកច្រមុះបំពង់កចំនួន ៤២នាក់ វះកាត់តូចចំនួន៣៥នាក់ ជំងឺភ្នែកចំនួន៤៦នាក់ សុខភាពមាត់ធ្មេញចំនួន៤០ នាក់។
លោកវេជ្ជបណ្ឌិតបានថ្លែងពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សាខាខេត្តស្វាយរៀង ដែលកំពុងស្ម័គ្រចិត្ត ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី១ ដល់ដូសទី៧ ជូនប្រជាពលរដ្ឋ ដើម្បីទទួលបានភាពសុំាសហគមន៍ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តតែងតែជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ជាមួយអ្នកជំងឺដោយសេចក្តីថ្លៃថ្នូរផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាលពីមុនអ្នកជំងឺពេលឈឺរត់ទៅរកពេទ្យ ប៉ុន្តែសម័យតេជោពេទ្យរត់ទៅរកអ្នកជំងឺវិញ និងបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដល់តំបន់ដាច់ស្រយាល និងព្យាបាលប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។
លោកស្រី ដួង វណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា ប្រជាពលរដ្ឋមានសុខសន្តិភាព និងការអភិវឌ្ឍ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោតែងតែគិតគូរ ពីសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង។
លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមត្រៀមឯកសារដែលពាក់ព័ន្ធ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងពេលអអនាគត ដើម្បីទទួលបានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ទៀត៕