(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក តាមរយៈសកម្មភាពវប្បធម៌ និងសិល្បៈផ្សេងៗទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ការអនុញ្ញាតឲ្យមានការរៀបចំតាំងពីពិព័រណ៍វត្ថុបុរាណខ្មែរនៅបណ្តាប្រទេសមួយចំនួនលើពិភពលោកគឺជាសកម្មភាពវប្បធម៌មួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែក្នុងបំណងផ្សព្វផ្សាយវប្បធម៌ និងអារ្យធម៌ខ្មែរសម័យអង្គរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីឆន្ទៈខ្ពស់ និងការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិ ការពារ អភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌របស់បុព្វបុរសខ្មែរសម័យអង្គរ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងតែទទួលបាននូវសន្តិភាព និងអភិវឌ្ឍន៍ឥតឈប់ឈរ។

ក្នុងស្មារតី និងគោលបំណងបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោកនេះហើយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលអោយចុះកិច្ចព្រមព្រៀងជាមួយ MUSEUMSPARTNER នៅប្រទេសអូទ្រីស (Austria) ដើម្បីយកវត្ថុបុរាណខ្មែរសម័យអង្គរចំនួនជាង១០០វត្ថុ ទៅតាំងពិព័រណ៍ចំនួន១០ទីតាំងនៅតាមបណ្តាប្រទេសមួយចំនួន តាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ការរៀបចំដាក់តាំងពិព័រណ៍នេះ បានធ្វើ២ដងរួចមកហើយនៅសហរដ្ឋអាមេរិក។

ការតាំងពិព័រណ៍ចម្លាក់បុរាណខ្មែរសម័យអង្គរដែលមានចំណងជើងថា អង្គរ៖ អាណាចក្រខ្មែរដែលបានបាត់បង់ នៅសារមន្ទីរ Royal British Columbia នៅទីក្រុង Victoria នៃប្រទេសកាណាដា ជាការចល័តពិព័រណ៍លើកទី៣នៅក្នុងគម្រោងពិព័រណ៍១០ទីតាំងដែលបានគ្រោងទុកជាមួយ MUSEUMSPARTNER។ ពិព័រណ៍នៅសារមន្ទីរ Royal British Columbia ដែលបានចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ បានតាំងបង្ហាញវត្ថុបុរាណខ្មែរសម័យអង្គរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗដែលលើកយកបង្ហាញ។ អ្វីដែលពិសេសនោះគឺការប្រើបច្ចេកទេសវិទ្យាសាស្ត្រទំនើប បង្ហាញទេសភាពធម្មជាតិ និងវប្បធម៌ ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្ត្រសម័យអង្គរ និងប្រជាជនដែលរស់នៅប្រកាន់នូវទំនៀមទម្លាប់បុរាណតាំងពីសម័យអង្គរនៅតំបន់អង្គរ។

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមពិធីសម្ពោធបើកពិព័រណ៍នេះ នៅសារមន្ទីរ Royal British Columbia នៅទីក្រុង Victoria នៃប្រទេសកាណាដា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

លោក លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានអនុញ្ញាតឲ្យចូលរួមជាផ្លូវការក្នុងកម្មវិធីសម្ពោធពិព័រណ៍ខាងលើនេះ ដែលមានចំណងជើងថា អង្គរ៖ អាណាចក្រកម្ពុជាដែលបានបាត់បង់។

លោកបានថ្លៃងសុន្ទរកថាបើកសម្ពោធពិព័រណ៍នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាំងពិព័រណ៍វត្ថុបុរាណខ្មែរសម័យអង្គរនៅបរទេសដែលមិនត្រឹមតែជាការផ្សព្វផ្សាយបន្ថែមនូវវប្បធម៌ និងអារ្យធម៌ខ្មែរនាសម័យអង្គរដ៏រុងរឿង ឲ្យពិភពលោក ជនបរទេស និងជនជាតិខ្មែរដែលរស់នៅបរទេសបានស្គាល់ប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់លើពីនេះគឺបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោក និងក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យអភិរក្ស លើកតម្កើងមរតកដូនតា និងអភិវឌ្ឍន៍វប្បធម៌ខ្មែរក្នុងយុគសម័យថ្មីដែលពោរពេញទៅដោយសន្តិភាព និងអភិវឌ្ឍន៍ប្រទេស៕