(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក ចាយ បូរិន តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចុះសួរសុខទុក្ខលោក អ៊ិច សារូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល។

លោក ចាយ បូរិន បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក អ៊ិច សារូ និងក្រុមគ្រួសារ។

លោកប្រធានប្រតិភូបានស្តាប់នូវការរៀបរាប់ពីចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោក អ៊ិច សារូ ទាក់ទងនឹងភាសាខ្មែរ និងការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

លោក អ៊ិច សារូ ធ្លាប់បានបម្រើការងារជាអធិការបឋមសិក្សា អនុប្រធាននាយកដ្ឋានរៀបចំ និងកសាងក្រសួងអប់រំ អ្នកទទួលខុសត្រូវផ្ទាល់ភាសាខ្មែរ ពីមត្តេយ្យដល់ក្រោយឧត្តមសិក្សា សាស្ត្រាចារ្យ ចិត្ត-គរុកោសល្យ អភិបាលរងទី១ និងជាប្រធានគណៈកម្មការបក្សខេត្តមណ្ឌលគិរី ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការបក្ស និងកសាងបក្ស និងជាអគ្គលេខាធិការរងក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរងទី១ និងអនុប្រធានគណបក្សខេត្តប៉ៃលិន តំណាងរាស្ត្រខេត្តប៉ៃលិន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ រដ្ឋសភា។

លោក អ៊ិច សារូ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខលោក និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោកក៏បានសម្ដែងក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ឥស្សរជន ចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះ ចំពោះការសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយសូមបន្តវប្បធម៌ប្រពៃណីនេះជារៀងរហូត។

លោក អ៊ិច សារូ ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវយុវជនគណបក្សទាំងអស់ ត្រូវរក្សាសមិទ្ធផលដែលឥស្សរជនជំនាន់មុនបានបន្សល់ទុក និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត។ សមាជិកគណបក្សជំនាន់មុន បានតស៊ូប្ដូរផ្ដាច់យ៉ាងខ្លាំង ទម្រាំមានថ្ងៃនេះ ដូចនេះយុវជនជំនាន់នេះត្រូវស្មោះត្រង់ តស៊ូដើម្បីបុព្វហេតុគណបក្ស ដូចប្រសាសន៍សម្ដេចតេជោ ដែលមានប្រសាសន៍ថា គ្រប់កាលៈទេសៈ គណបក្សប្រជាជនត្រូវតែឈ្នះ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក៏ត្រូវតែឈ្នះដែរ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

លោកបានបន្តថា រាល់លិខិតបទដ្ឋានគតិយុទ្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្ចិតផ្ចង់លើអក្ខរាវិរុទ្ធ និងអក្សរសាស្រ្តជាតិ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះភាសា និងអក្សរសាស្រ្ត ជាឫសកែវដួងព្រលឹង នៃជាតិសាសន៍នីមួយៗ និងត្រូវយកចិត្តទុកដាក់អានសៀវភៅ សិក្សា ស្រាវជ្រាវ និងគាំទ្ររាល់ស្នាដៃនិពន្ធរបស់ខ្មែរយើងឱ្យបានច្រើន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន លោក កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក អ៊ិច សារូ ផងដែរ៕