(ភ្នំពេញ)៖ លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង តំណាង លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមេក្រុមបក្សនៅមូលដ្ឋានសង្កាត់អូឡាំពិច សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ និងសង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន ៤,០៥៩នាក់។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង, គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង, ប្រធានក្រុមការងារចុះជួយមូលដ្ឋាននៅតាមបណ្តាសង្កាត់របស់ខណ្ឌបឹងកេងកង និងប្រធានគណៈកម្មាធិការបក្សសង្កាត់។

នាឱកាសនៃពិធីសំណេះសំណាល លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាល បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូឡាំពិច សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ និងសង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង គណៈកម្មាធិការគណបក្សសង្កាត់អូឡាំពិច សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ និងសង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង ដែលបានសហការគ្នាយ៉ាងល្អសស្រាក់សស្រាំ តាមការណែនាំរបស់គណបក្ស និងវាយតម្លៃអំពីគុណតម្លៃការងារដែលបានអនុវត្តកន្លងមក។

លោក សំហេង បុរស ក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការសកម្មភាព សម្រាបត្រៀមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា នាពេលខាងមុខនេះ។

ព្រមជាមួយនេះដែរ លោក បានសំណូមពរឲ្យក្រុមការងារទាំងអស់បន្តចុះជួប និងសួរសុខទុក្ខសមាជិកបក្ស និងប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឲ្យបានច្រើន ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕