(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា ICC-Angkor បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិតនៅបរិវេណនិរតីប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ពិធីនេះប្រារព្ធឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ ICC-Angkor លេខាធិការដ្ឋាន ICC-Angkor លោក ហង់ ពៅ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តី និងបុគ្គលិក អាជ្ញាធរជាតិអប្សរាជាច្រើនរូប។
សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានា បានដាំស្មៅសរុបចំនួន២៧,៤៨១ម៉ែត្រការ៉េ និងដាំកូនឈើសរុបចំនួន២២,៩៦៣ដើម ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕