(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែមិថុនា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែមិថុនាសម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣តទៅ»។
ចំពោះការបើកប្រាក់ខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកមូលនិធិជាតិជំនួយសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ និង ០៩២ ២១៩ ៨៨៨៕