(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករនិយោជិត និងប្រជាជនទូទៅចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍ ការរស់នៅប្រកបដោយភាពសុខសាន្ត និងបន្តការអភិវឌ្ឍប្រទេសជាតិ ដាច់ខាតកុំឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញឱ្យសោះ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោបិតាស្ថាបនិកសន្តិភាព ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោបានអំពាវនាវសាជាថ្មីដល់កម្មករនិយោជិត ក៏ដូចជាប្រជាជនទូទៅត្រូវខិតខំថែរក្សាសន្តិភាពក្នុងប្រទេស ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ ការពារតែជីវិតក៏មិនគង់ផង តួយ៉ាងដូចដែលកម្ពុជាធ្លាប់រងគ្រោះកាលពីអតីតកាល។
សម្ដេចតេជោក៏បានរំឭកនូវភាពលំបាកវេទនាក្នុងពេលប្រទេសជួបសង្គ្រាម និងពោលថា បើមានសង្គ្រាម កុំនិយាយពីរឿងធ្វើផ្លូវថ្នល់ កុំនិយាយពីធ្វើប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម។
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «រក្សាសន្តិភាពបាន គឺធានាដល់ការអភិវឌ្ឍប្រទេស ហើយការអភិវឌ្ឍ គឺធ្វើទៅតាមជំហាន»។
សម្ដេចតេជោ ហ៊ុន សែន ពិតជាមិនចង់ឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញនោះឡើយ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តអំពាវនាវឱ្យខិតខំធ្វើឱ្យរោចក្រ/សហគ្រាសក្លាយទៅជាសហគមន៍សុខសាន្ត រក្សាភាពសុខដុមរមនាក្នុងរោងចក្ររវាងកម្មករ និងថៅកែរោងចក្រ កុំឱ្យមានភាពចលាចល ព្រោះបើមានភាពចលាចលនៅកម្ពុជា រោងចក្រនឹងប្ដូរទៅប្រទេសផ្សេង នោះអ្នកដែលខាត់បង់មុនគេគឺកម្មករខ្លួនឯង។ ប្រសិនបើមានបញ្ហាអ្វីមួយ ត្រូវដោះស្រាយដោយសន្តិវិធី ដោយការសន្ទនាគ្នារកដំណោះស្រាយ ទើបធានាបាននូវផលប្រយោជន៍ទាំងអស់គ្នា៕