(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានផ្ញើព្រះរាជសារអរគុណចំពោះម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យគណៈប្រតិភូចូលក្រាបបង្គំគាល់ កាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ។

ក្នុងព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារថា «ខ្ញុំមានហឫទ័យរីករាយ ដោយបានទទួលគណៈប្រតិភូដ៏ខ្ពង់ខ្ពស់នៃកាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ នៅពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ខ្ញុំរីករាយបានទទួលពីគណៈប្រតិភូនូវលិខិតចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ទូលថ្វាយរបាយការណ៍ស្តីពី សមិទ្ធផលការងាររបស់សមាគមជាតិឆ្នាំ២០២២ និងរបាយការណ៍សមិទ្ធផល ៥ខែ ដើមឆ្នាំ២០២៣ រួមនឹងព្រឹត្តិការណ៍សំខាន់ចំនួន៤ ព្រមទាំងថវិកាចំនួន 500,000 USD ដ៏សប្បុរសសម្រាប់ការងារមនុស្សធម៌ទាំងឡាយរបស់ខ្ញុំ។

ខ្ញុំបានអានក្នុងសារលិខិតទូលថ្វាយយ៉ាងហ្មត់ចត់ និងសូមសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជាប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិដ៏ខ្ពង់ខ្ពស់។ តាមរយៈកាយវិការដ៏វិសេសវិសាលនេះ កិត្តិនាមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការគោរពស្រឡាញ់ និងទទួលបានការកោតសរសើរ និងអំណរសាទរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជា រៀបចំអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុខ្ញុំ ដោយមានពិធីថ្វាយព្រះពុទ្ធជ័យមង្គលថ្វាយព្រះពរតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមជាមួយនឹងបច្ច័យ ត្រៃ-លៀង សង្ឃភត្ត អង្ករ និងគ្រឿងឧបភោគបរិភោគថ្វាយ-ប្រគេននៅតាមវត្តអារាមចំនួន ១១ ព្រមជាមួយនេះមានកម្មវិធីសិល្បៈដែលបានចងក្រងដោយកាកបាទក្រហមកម្ពុជា កម្មវិធីរបាំ ចម្រៀងសម័យ បុរាណ ដើម្បីផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិទស្សនាកម្សាន្ត។

ខ្ញុំសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី ព្រមទាំងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖