(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសកែតម្រូវតួលេខនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នៅឆ្នាំ២០២២ កើនឡើងត្រឹម៥.២ភាគរយប៉ុណ្ណោះ ចំណែកនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៦ភាគរយ ។
ការកែតម្រូវនេះធ្វើឡើងបន្ទាប់ពីនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អ្នកសរសេរសុន្ទរកថា ជូនសម្តេចបានដកស្រង់ នូវតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាចាស់ ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥.៤ភាគរយ និងនៅឆ្នាំ២០២៣ ព្យាករថានឹងកើនឡើងក្នុងអត្រា ៦.៦ភាគយ ដែលជាតួលេខចាស់ហួសសម័យ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកសរសេរសុន្ទរកថា ជូនសម្តេចត្រូវពិនិត្យឲ្យបានម៉ត់ចត់ កុំធ្វេសប្រហែស។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ កែតម្រូវពីម្សិលមិញបន្តិច និយាយរួមពេលនេះ ខ្ញុំអត់បានពិនិត្យឯកសារអីច្រើនទេ ខ្ញុំពិនិត្យត្រង់កន្លែងណាដែលសំខាន់ៗ ទាក់ទងជាមួយភូមិសាស្ត្រនយោបាយ តែសុន្ទរកថាម្សិលមិញខ្ញុំបើកការបង្កើតសមាគមឧកញ៉ាកម្ពុជា ប៉ុន្តែដល់កន្លែងព្យាករសេដ្ឋកិច្ច ទៅយកតួលេខពីមុនមក [...] ដាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ថាកើនឡើង ៥.៤% កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ កើន៦.៦ភាគរយ ជាតួលេខហួសសម័យ។ សូមអ្នកធ្វើសុន្ទរកថាឲ្យខ្ញុំ សុំពិនិត្យឲ្យបានម៉ត់ចត់ ។ ឥឡូវសុំកែតម្រូវសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានកំណើនត្រឹមតែ ៥.២ភាគរយទេ ហើយឆ្នាំនេះព្យាករណ៍ទុកគឺ ៥.៦ភាគរយ»។
សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៥.២ភាគរយ ចំណែកឆ្នាំ២០២៣នេះ រំពឹងថាកើនឡើងក្នុងអត្រា ៥.៥ភាគរយ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។
សម្រាប់ធនាគារពិភពលោក (World Bank) ក៏បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ សម្រេចបានក្នុងអត្រា ៥.២ភាគរយ។ ឯឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានក្នុងអត្រា ៥.៥ភាគរយ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម៕