(ភ្នំពេញ)៖ ទន្ទឹមនឹង ក្រសួងការងារ សហជីព និងសមាគមកាត់ដេរ បានថ្កោលទោសប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលស្នើឱ្យសភាសហគមន៍អឺរ៉ុប យកវិធីបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលនោះ ទំព័រ Facebook របស់ភ្នាក់ងារគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសបារាំង ក៏បានបង្ហាញនូវសំណើ៨ចំណុច របស់ លោក សម រង្ស៊ី ទៅកាន់សភាសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដោយក្នុងនោះមានទាំងការស្នើឱ្យបិទទីផ្សារ និងកាត់ជំនួយផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ត្រូវបានសហគមន៍អឺរ៉ុបអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំសភាអឺរ៉ុប ដែលពាក់ព័ន្ធនឹងការពិភាក្សាអំពី ជំនួយលើប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ប្រធានគណបក្សប្រឆាំងដែលកំពុងគេចខ្លួននៅក្រៅប្រទេសរូបនេះ បានឡើងធ្វើបទអន្តរាគមន៍ ជាភាសាបារាំង នៅក្នុងកិច្ចប្រជុំសភាអឺរ៉ុប។ បទអន្តរាគមន៍នោះ ក៏ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ផងដែរ។
នៅលើទំព័រ Facebook មួយឈ្មោះ MJ Cnrp France កាលពីថ្ងៃទី១៤ កក្កដា វេលាម៉ោង២១៖៥៩នាទី ដែលត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាគេហទំព័ររបស់គណបក្សសង្រ្គោះជាតិ នៅប្រទេសបារាំង បានផ្សព្វផ្សាយ១ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសភាអឺរ៉ុប នៅក្នុងកិច្ចប្រជុំនោះថា លោក សម រង្ស៊ី បានដាក់សំណើចំនួន៨ ដើម្បីឱ្យអឺរ៉ុបពិចារណាចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានសំណើ២ ពាក់ព័ន្ធនឹងការផ្តល់គំនិតឱ្យផ្អាកជំនួយ និងបិទទីផ្សារនាំចូលពីប្រទេសកម្ពុជា។
Facebook នោះបានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី១៣ ខែកក្កដា ២០១៦៖ លោកប្រធាន សម រង្ស៊ី បានស្នើសុំគណៈកម្មការសហភាពអឺរ៉ុប នូវវិធានការណ៍មួយចំនួនមាន៖
ទី១.បង្កកមិនចេញទិដ្ឋាការដល់មេដឹកនាំណា ដែលជាប់ពាក់ព័ន្ធ មិនអាចធ្វើដំណើរចេញទៅក្រៅប្រទេស,
ទី២.បង្កកធនធានទ្រព្យសម្បត្តិ ដែលពួកគេផ្ញើទុកក្នុងធនាគារបរទេស,
ទី៣.បង្កកកាត់ផ្ដាច់ជំនួយដល់រដ្ឋាភិបាលផ្ដាច់ការ លោក ហ៊ុន សែន បើគ្មានដំណោះស្រាយនយោបាយ,
ទី៤.ផ្អាករាល់ការដាក់ការវិនិយោគទុននៅកម្ពុជា ដែលគ្មានការឆ្លើយតបក្នុងការគោរពសិទ្ធិមនុស្ស,
ទី៥.ផ្អាកការនាំចេញទំនិញពីកម្ពុជាមកសហគមអឺរ៉ុប ក្នុងករណីរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារកម្មករ ពលករ,
ទី៦.ស្នើដល់សហគមអឺរ៉ុប ផ្អាកផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា,
ទី៧.ស្នើសុំឱ្យមានការស៊ើបអង្កេត ជាអន្តរជាតិមួយ លើករណីឃាតកម្ម លោក កែម ឡី និងករណីឃាតកម្មផ្សេងទៀត,
ទី៨.ស្នើសុំសហគមអឺរ៉ុប និងសហគមន៍អន្តរជាតិ បដិសេធលទ្ធផលបោះឆ្នោត ក្នុងករណីមានការចាប់សមាជិកស្ថាប័ន គ.ជ.ប ដាក់ពន្ធនាគារ និងបើគ្មានការអនុញ្ញាត ឱ្យមេដឹកនាំបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត ដោយយុត្តិធម៌ ប្រជាធិបតេយ្យ សេរី ឆ្នាំ២០១៧ ២០១៨ ទេនោះ ទាំងនេះ ជាសំណើនឹងវិធានការមួយចំនួន ដែលលោកប្រធាន សម រង្ស៊ី ស្នើទៅកាន់គណៈកម្មការសហភាពអឺរ៉ុប ឱ្យចាត់វិធានការណ៍»។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បណ្តាសហជីពធំៗ រួមទាំងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជាផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសចំពោះការផ្តល់គំនិតរបស់ លោក សម រង្ស៊ី ទៅកាន់សភាអឺរ៉ុប។ ពួកគេលើកឡើងថា គំនិតដែលបង្ហើឱ្យអឺរ៉ុបមានការបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាបែបនោះ ពុំបានចំណេញអ្វីសោះដល់ប្រទេសជាតិ និងកម្មករ ប៉ុន្តែផ្ទុយទៅវិញគំនិតនេះ ជាការធ្វើឡើងដើម្បីចំណេញតែនយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលជីវភាពកម្មករនៅកម្ពុជាជាង ៧០ម៉ឺននាក់ បានពឹងផ្អែកទាំងស្រុងលើចំណូល ពីការងារកាត់ដេរ។
ប្រតិកម្មទៅនឹងការថ្កោលទោសពីគ្រប់ភាគីពាក់ព័ន្ធនេះ លោក សម រង្ស៊ី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានច្រានចោលនូវការផ្សព្វផ្សាយថា លោកស្នើឱ្យអឺរ៉ុប បិទទីផ្សារនាំចូលពីប្រទេសកម្ពុជា។ លោកបកស្រាយនៅលើទំព័រ Facebook ថា អ្វីដែលលោកលើកឡើងគ្រាន់តែជាគំនិត ដើម្បីជាសភាអឺរ៉ុបពិចារណាមកលើកម្ពុជាប៉ុណ្ណោះ ដោយពុំបានស្នើឱ្យអឺរ៉ុបបិទទីផ្សារកម្ពុជានោះទេ។ លោកថា «បន្ទាប់ពីបញ្ជាក់ថា ក្រុមហ៊ុនកាត់ដេរ នៅប្រទេសកម្ពុជាចំណេញលុយច្រើនណាស់ ហើយមួយផ្នែក នៃប្រាក់ចំណេញនេះ ត្រូវផ្ទេរជាសំណូកសូកប៉ាន់ឲ្យទៅមេដឹកនាំពុករលួយនៅស្រុកយើង ខ្ញុំក៏បានលើកឡើងថា ៖ "បើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុប ធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថា ទីផ្សារសម្លៀកបំពាក់នេះ មិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌនោះទេ ពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។" ដូច្នេះ ខ្ញុំមិនបានអំពាវនាវទាល់តែសោះ ឲ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់គេតែម្តង»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗនៅលើគេទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញ ជាមួយលក្ខខណ្ឌ»។ វិទ្យុនេះ ក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង ហើយបកប្រែជាភាសាខ្មែរថា «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថាឈ្មួញធំៗ ទាំងអស់នោះហើយដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។ លោក សម រង្ស៊ី បញ្ជាក់បន្តថា ហេតុដូចរៀបរាប់ខាងលើនេះ បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ បើសភាពអឺរ៉ុប ធ្វើដូច្នេះ រដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពីចារណាឡើងវិញ»។
កម្មករមួយចំនួន ក៏ប្រកាសអំពីគម្រោងធ្វើបាតុកម្ម ប្រឆាំងនឹង លោក សម រង្ស៊ី ផងដែរ បើសិនជាអឺរ៉ុប ពិតជាធ្វើតាមគំនិតរបស់ ប្រធានគណបក្សប្រឆាំងរូបនេះមែននោះ៕