(កៀវ)៖ ប្រតិបត្តិការវាយបករបស់កងកម្លាំងអ៊ុយក្រែន មានភាពរីកចម្រើនដោយបានវាយរុលទៅមុខបាន ១,៤០០ម៉ែត្រ នៅតាមផ្នែកមួយចំនួននៃសមរភូមិ ស្ថិតនៅ ក្បែរទីក្រុងបាកមូត (Bakhmut) នៃភាគខាងកើតប្រទេស កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ នេះបើតាមអ្នកនាំពាក្យយោធាអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសប្ដាហ៍នេះ យោធាអ៊ុយក្រែនបានអះអាងពីភាពរីកចម្រើនទៅមុខដូចគ្នានេះដែរ នៃប្រតិបត្តិការវាយបករបស់ខ្លួនជាបន្តបន្ទាប់ នៅឯក្បែរទីក្រុងបាកមូត ដែល រុស្ស៉ីបានដណ្ដើមគ្រប់គ្រងទាំងស្រុងកាលពីខែឧសភា ក្រោយការវាយប្រហារយុទ្ធបង្ហូរឈាមគ្នាអស់រាប់ខែ។ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពី ថ្ងៃសៅរ៍ ទី១០ ខែមិថុនា លោក សឺហ៉ី ឆឺរ៉េវ៉ាទី (Serhiy Cherevaty) បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងព្យាយាម...ដឹកនាំការវាយប្រហារលើសត្រូវ។ យើងកំពុង វាយបក។ យើងបានវាយរុលទៅមុខក្នុងចម្ងាយដី ១,៤០០ម៉ែត្រ នៅតាមផ្នែកជាច្រើននៃសមរភូមិ (បាកមូត)»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងទីក្រុងកៀវ បានរាយការណ៍ពីការវាយប្រហារទ្រង់ទ្រាយធំរៀងៗខ្លួន កាលពីថ្ងៃសុក្រកន្លងទៅនេះ ស្របពេលលោក ហ្សេលេនស្គី ក៏បាន ទទួលស្គាល់ដែរថាប្រតិបត្តិការវាយបកប្រឆាំងនឹងរុស្ស៉ី បានចាប់ផ្ដើមហើយ។ រុស្ស៉ី ដែលបានពង្រឹងខ្សែការពារយ៉ាងខ្លាំងក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រងនៅ ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ក្នុងសប្ដាហ៍នេះក៏បានអះអាងដែរពីជោគជ័យក្នុងការវាយរុញច្រានប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។ មកទល់នឹងពេលនេះ គេមិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងរបស់ភាគីទាំង២ បាននៅឡើយទេ ខណៈក្រសួងការពារជាតិអង់គ្លេស ឱ្យដឹងថាកងកម្លាំងអ៊ុយក្រែនបានវាយទម្លុះខែ្សការពារ ទីមួយរបស់កងកម្លាំងរុស្ស៉ី នៅតាមផ្នែកខ្លះនៃសមរភូមិ ប៉ុន្តែភាពរីកចម្រើនរបស់អ៊ុយក្រែនមានលក្ខណៈសន្សឹមៗតំបន់ផ្សេងទៀត៕