(ភ្នំពេញ)៖ ខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» ដែលបានដាក់បញ្ចូលនូវក្បាចគុនយុទ្ធក្រមបុរាណខ្មែរ និងមានឈុតឆាក ខ្មោចព្រាយបិសាច ភ័យរន្ធត់ ដោយបានចំណាយទុនផលិតប្រមាណ ៦ម៉ឺនដុល្លារផងនោះ ត្រូវបានបើកសម្ពោធចាក់បញ្ចាំងជាផ្លូនការ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major Ceneplex ដោយមានការចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី និងទស្សនិកជនយ៉ាងច្រើនកុះករ។
អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីបើកសម្ពោធនោះថា រឿង «វិស្សមកាលមរណៈ» ជាប្រភេទខ្សែភាពយន្តបែបភ័យរន្ធត់ ខ្មោចព្រាយបិសាយ និងឈុតឆាកស្នេហា បែបយុវវ័យមួយចំនួនទៀត។ អ្វីដែលកាន់តែពិសេស ក្នុងភាពយន្តនេះ គឺអ្នកស្រីបានបញ្ចូលនូវក្បាច់គុនយុទ្ធក្រមបុរាណខ្មែរ ដោយតួសម្ដែងទាំងអស់នៅ ក្នុងរឿងត្រូវហាត់ក្បាច់គុននេះឲ្យចេះ រយៈពេលរហូតដល់ទៅ២ខែ ទើបសម្ដែងបាន។
លោកស្រីបន្តថា ទោះបីជាបច្ចុប្បន្នមានភាពយន្តជាច្រើន កំពុងតែដាក់បញ្ចាំង ហើយសុទ្ធតែជាភាពយន្តល្អៗពិតមែនក្ដី ក៏ប៉ុន្តែភាពយន្តរបស់លោកស្រី គឺពិតជាជឿជាក់ថា នឹងមានលក្ខណៈខុសប្លែកពីគេ ព្រោះទាំងសាច់រឿង ទាំងប្លង់ថត តួសម្ដែង ទីតាំងថត គឺមានលក្ខណៈខុសពីរឿងមុនៗទាំងអស់។ ពិសេសកន្លែងថត គឺត្រូវថតនៅក្នុងព្រៃ ក្នុងកប៉ាល់លើផ្ទៃទឹកទន្លេ ពោលគឺមានការលំបាកខ្លាំង ទម្រាំសម្រេចបានផ្ទៃរឿងទាំងមូល ប្រកបដោយគុណភាពខ្ពស់នេះ។
ចាងហ្វាងផលិតកម្ម ដែលមានបទពិសោធផលិតភាពយន្ត ជាច្រើនឆ្នាំរូបនេះ បានបន្តឲ្យដឹងទៀតថា យោងតាមការគាំទ្រពីសំណាក់ អ្នកលេងប្រព័ន្ធ Facebook ដែលមានប្រមាណជាង១០ ម៉ឺននាក់នោះ លោកស្រីហ៊ានមានជំនឿមុតមាំ ក្នុងការទទួលបានជោគជ័យរហូតដល់៧០ភាគរយ។ ជាមួយគ្នានេះ ក្នុងនាមលោកស្រីជាចាងហ្វាង លោកស្រីសូមអំពាវនាវឲ្យបងប្អូណប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រទស្សនាភាពយន្តខ្មែរឲ្យបានច្រើន ព្រោះនេះជាការលើកស្ទូយសិល្បៈវប្បធម៌ខ្មែររបស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា រឿង«វិស្សមកាលមរណៈ» មានការចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួងរួមមាន កញ្ញា នី មុនីនាថ, លោក ថៃ ប៊ុននាង, កញ្ញា ថន លក្ខិណា, អ្នកនាង ខ្ញុង, អ្នកនាងអ៉ីត, ក្រុមក្បាចគុនយុទ្ធក្រមខ្មែរ, អ្នកនាង ឆៃ លីដាឡែន, លោក ហម ឈរ៉ា, អ្នកនាង ចាន់ តារាទី ព្រមទាំងតារាកិត្តិយសជាច្រើនទៀត៕