(ពោធិ៍សាត់)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ អនុក្រុមទី២ថ្នាក់ជាតិចុះមូលដ្ឋាន ដឹកនាំដោយលោក អ៊ឹង គឹមលៀង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក ហ៊ុល គុណវុឌ្ឍ អាជ្ញាធរអគ្គិសនីកម្ពុជា, លោក ឡេង សែ អនុរដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ព្រមទាំងអស់លោក លោកស្រី ជាវាគ្មិនថ្នាក់ជាតិ និងថ្នាក់ខេត្ត ធ្វើវេទិកាសាធារណៈចំនួន ២កន្លែងក្នុងថ្ងៃតែមួយ ក្នុងស្រុកក្រគរ គឺនៅវត្តនាគគួច ឃុំក្បាលត្រាច មានប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ និង នៅវត្តពុទ្ទ្រាម ឃុំអូរសណ្តាន់ប្រជាពលរដ្ឋចូលរួមជិត ៤០០នាក់។
លោក អ៊ឹង គឹមលៀង អភិបាលរងខេត្ត បានលើកឡើងថា វេទិកាសាធារណៈដែលរៀបចំឡើង ដោយអនុក្រុមទី២នេះ គឺមានគោលបំណង ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម និងលើកឡើងឲ្យបានផុលផុស នូវរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ពាក់ព័ន្ធទៅនឹងការងារសន្តិសុខ សង្គមកិច្ច សេដ្ឋកិច្ច ដើម្បីឲ្យក្រុមវាគ្មិន ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ជាអ្នកសម្របសម្រូល បើដោះស្រាយបាន គឺដោះស្រាយនៅពេលនេះ តែបើដោះស្រាយមិនទាន់បាន បញ្ជួនទៅថ្នាក់ជាតិបន្តទៀត។
ឆ្លងតាមវេទិកាទាំង២កន្លែង ឃើញថាប្រជាពលរដ្ឋទាំង២ឃុំ មានបញ្ហាប្រឈមដូចជា នៅភូមិត្រពាំងរំដេញ ភូមិផ្សារ ភូមិក្រឡាញ់ ឃុំក្បាលត្រាច សំណូមពរដល់ក្រុមការងារជួយដោះស្រាយ ការចាក់ដីបិទផ្លូវទឹក លិចលង់លំនៅដ្ឋាន ផលដំណាំ, ការយកទឹកពីអាងគុជនុបបញ្ចូលស្រះចិញ្ចឹមត្រី បណ្តាលឲ្យខ្វះទឹកសម្រាប់ដំណាំកសិកម្ម និងជួសជុលផ្លូវលំគ្រួសក្រហមឡើងវិញ។ ចំពោះប្រជាពលរដ្ឋឃុំអូរសណ្តាន់ បានលើកជាសំណូមពរ សុំជួយផ្លូវលំក្នុងភូមិពុទ្ទ្រាម ប្រវែង ១៥០០ម៉ែត្រ, សុំទីតាំងបង់ថ្លៃភ្លើងឲ្យនៅជិត, សុំជួសជុលទ្វារទឹកមួយកន្លែងនៅឃុំបឹងកន្ទួត។ នៅរាល់បញ្ហាប្រឈម និងសំណូមទាំងអស់ ត្រូវបានលោកប្រធានដឹកនាំវេទិកា និងក្រុមវាគ្មិន ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តពិសេសអាជ្ញាធរឃុំ មានគោលការណ៍ និងដោះស្រាយ ប្រកបដោយប្រសិទ្ធិភាព ជឿជាក់ទទួលយកបាន ជាពិសេសនៅក្នុងឃុំអូរសណ្តាន់ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ផ្លូវក្រាលកៅស៊ូ មានប្រវែង ៨២០០ម៉ែត្រ ដែលចាប់ដំណើការស្ថានានាពេលដ៏ខ្លីខាងមុខ។
លោក អ៊ឹង គឹមលៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗយុវជន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កុំប្រព្រឹត្ត កុំប្រើប្រាស់ កុំចែកចាយគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត និងខាតបង់សម្ភារផ្សេងៗ៕