(ឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះសួរសុខទុក្ខ ពិនិត្យពីស្ថានភាពរស់នៅ និងនាំយកប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងគ្រួសារយោធិនជួបការ លំបាកចំនួន ១០០គ្រួសារ រស់នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។
ក្នុងនោះស្រុកអន្លង់វែង ៥០គ្រួសារ ស្រុកបន្ទាយអំពិល ២៥គ្រួសារ និងប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ រស់នៅក្នុងភូមិស្រះទឹកតេជោសែនជ័យ ដែលជាភូមិទើបបង្កើតថ្មីសម្រាប់គ្រួសារយុទ្ធជន-អតីតយុទ្ធជន ស្ថិតនៅស្រុកចុងកាល់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១លានរៀល សម្រាប់យកទៅពង្រីកមុខរបរបន្ថែម។
ក្នុងឱកាសជួបសំណេះសំណាល ចំនួន២ថ្ងៃ នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៣ លោកស្រីបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើសួរសុខទុក្ខ និងបានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរថ្មី ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លើសពីនេះទៀត លោកស្រីបានរំលឹក «ការងារប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្តក្នុងខេត្តឧត្តរមានជ័យ លើគោលដៅប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣នេះ បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់សរុបចំនួន ១០០២គ្រួសារ ហើយប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការធ្វើស្រែ ចម្ការ ចិញ្ចឹមសត្វ លក់ដូរ កាត់សក់ និងជួសជុលម៉តូជាដើម»។ល។
បន្ទាប់ពីផ្តល់ប្រាក់កម្ចីរួចមក លោកស្រី និងក្រុមការងារបានអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពរស់នៅ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋ ដែលមានពិការភាព នៅតាមខ្នងផ្ទះទទួលបានប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជាកន្លងមកឃើញថាស្ថានភាពជីវភាពរបស់ពួកគាត់មានការរីកចម្រើនគួឱ្យកត់សម្គាល់ បើប្រៀបធៀបមុនពេលទទួលបានប្រាក់កម្ចី ដោយគ្រួសារមួយចំនួនធំ អាចសងនូវប្រាក់ដើមត្រឡប់មកវិញ និងមានលទ្ធភាពក្នុងការពង្រីកមុខរបររបស់ខ្លួនបន្ថែម មានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះ មានថវិកាសម្រាប់ព្យាបាលជំងឺ មានលទ្ធភាពបញ្ជូនកូនឱ្យបន្តការសិក្សារហូតចប់ថ្នាក់បរិញ្ញាបត្រថែមទៀតផង។
ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា ថវិកាដែល បងប្អូនបានទទួលនាពេលនេះ គឺបានមកពីសប្បុរសជននានា ក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កន្លងទៅ។ ដូច្នេះគោលការណ៍នៃការស្នេីសុំប្រាក់កម្ចីនេះ តម្រូវឱ្យបងប្អូនបង្វិលសងវិញ ចំនួន៥០% ក្នុងរយៈពេល៦ខែ និង៥០%ទៀតបន្តសងផ្តាច់នៅ៦ខែបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចយកថវិកាដែលបង្វិលបាន នេះ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងមានតម្រូវការ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក។
លោកស្រីក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅប្រកបដោយអនាម័យ ពិសាទឹកដាំឆ្អិន ជាពិសេសត្រូវខិតខំឧស្សាហ៍ព្យាយាម។ ទន្ទឹមនឹងនេះ ត្រូវមានស្មារ តីប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាការឆ្លេីយតប ប្រជាពលរដ្ឋដែលជាអ្នកទទួលផលទាំងអស់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា គឺជាគ្រាប់ពូជដែលផ្តល់ជូនដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានផ្លាស់ប្តូរនូវខ្សែជីវិតពីភាពលំបាកមកមានជីវភាពល្អប្រសើរ និងសូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វេីជាដេីមទុន នាំមកនូវសុខសន្តិភាព
ពេញលេញជូនដល់ប្រជាជនកម្ពុជា។
លើសពីនេះបានប្តេជ្ញាចិត្តដោយចេញពីបេះដូងថា «រាង្គកាយយើងពិការមែនពិត តែចិត្តយើងមិនពិការឡើយ» ហើយនិងខិតខំបង្កបង្កើនផលដែលទទួលបានពីប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
គួររម្លឹកថា បច្ចុប្បន្ននេះប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៥ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន៕