(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំត្បែង ស្រុកកំពង់ស្វាយរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណអាជ្ញាធរដែនដីដែលបានខិតខំប្រឹងប្រែងបម្រើការងារដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ជាពិសេសការបម្រើសេវាសាធារណៈ សេវាតម្រូវការដែលបងប្អូន ប្រជាពលរដ្ឋ មានការខ្វះខាតហើយប្រធានក្រុមបក្សមូលដ្ឋានត្រូវក្តាប់ឲ្យបាននូវស្ថិតិរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុកឲ្យបានច្បាស់លាស់ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងជាពិសេសសមាជិកភូមិ សាខាភូមិ។
លោកស្រី ជំរុញឲ្យសមាជិក សមាជិកាត្រូវប្រមូលកៀរគរសមាជិកដទៃទៀតឲ្យមកចូលរួមរស់ជាមួយគណបក្សរបស់យើងដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាពដោយមិនរើសអើងមិនប្រកាន់និន្នាការនយោបាយ ជាពិសេសត្រូវទទួលស្វាគមន៍ក្រោមម្លប់ក្នុងដំបូលតែមួយ។
លោកស្រីបានលើកឡើងពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន មិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋក្នុងមួយវិនាទីណាឡើយជាពិសេស គឺសម័យកូវីដ១៩ គឺបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
លោកស្រីបន្តថា ចំពោះគោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺការបោះឆ្នោត៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ។
លោកស្រីជំរុញសមាជិកក្រុមការងារទាំងអស់ ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីតម្លៃនៃសុខសន្តិភាព ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានការពារសន្តិភាព និងធ្វើឲ្យប្រជាជនរស់នៅក្រោមដំបូលសន្តិភាពប្រកបដោយសុខដុមរមនា។
ជាចុងក្រោយលោកស្រីជំរុញដល់ក្រុមការងារទាំងអស់ សូមឲ្យផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ឲ្យបានគ្រប់ៗគ្នា ពិសេសគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕