(សៀមរាប)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះធម្មានុរក្សញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិយស ព្រះសមុហ៍គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធីកាវត្តប្រាសាទច័ន្ទរង្សី (វត្តគោកចាន់) បាននិមន្តដឹកនាំព្រះគ្រូ ចៅអធិការវត្តនានា ក្នុងខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទ ដាំកូនឈើចម្រុះចំនួន២០០ដើមទៅដាំនៅក្នុងបរិវេណវត្តមហាអម្ពវ័ន្ត (ហៅវត្តកំបោអរ) ស្ថិតនៅក្នុងស្រុកជីក្រែង និងព្រមទាំងបាននាំយកនូវកន្ទេលចំនួន២០ដុំ ជូនដល់មនណ្ឌលសុខភាពខ្វាវ ដែលស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។

ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា ធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់ នៅលើពិភពលោកទាំងមូលពីព្រោះធនធានធម្មជាតិ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ ដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេស ធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួត នៅលើភពផែនដីនេះផងដែរ។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាទៀតថា ការចូលរួមដាំកូនឈើរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនាពេលនេះ គឺជាគំរូដ៏ល្អទៅដល់យុវជន កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។

ព្រះអង្គពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានចូលរូមចំណែកដាំកូនឈើនៅទីនោះ ហើយណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិ ដែលបានបាត់បង់ទៅដោយងាកមកដាំឡើងវិញ ដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា តាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។

ព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ត្រូវមានការចូលរួមបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែមទៀត ដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ព្រះគ្រូ ចៅអធិការវត្តទាំងអស់ព្រមទាំងពុទ្ធបរិស័ទ ដែលជាសប្បុរសជនក៍បាននិមន្តនិងអញ្ជើញនាំយកនូវកន្ទេលចំនួន២០ដុំទៅប្រគល់ដល់មណ្ឌលសុខភាពខ្វាវ ដើម្បីទុកសម្រាប់ប្រើប្រាស់ចាំបាច់នៅក្នុងមណ្ឌលសុខភាពផងដែរ៕