(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។
សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស តាមរយៈលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៣៥០ និងសជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើក កម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ា តាមរយៈការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយាប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។
សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១) ធ្វើជាតំណាងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាដែលជាសមាជិក។
២) រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣) លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤) បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមរយៈសៀវភៅប្រវត្តិសាស្ត្រខ្មែរ ភាគ១ ភាគ២ បោះពុម្ពឆ្នាំ ១៩៧៣ របស់អ្នកស្រី ត្រឹង ងា បានបង្ហាញថា គោរមងារ «ឧកញ៉ា» ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះ ប្រើសំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា «ចតុស្ដម្ភ»។
គោរមងារ «ឧកញ៉ា» នាពេលនោះមានដូចជាឧកញ៉ាយមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) ឧកញ៉ា ក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។ ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) និង ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទ័ពជើងគោក)។
យោងតាមវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញឱ្យដឹងថា «ឧកញ៉ា» ជាពាក្យប្រើឋានន្តរស័ក្តិនៃមន្ត្រីជាន់ខ្ពស់ ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងគោរមងារឧកញ៉ា ការផ្ដល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។
កន្លងមកការផ្ដល់គោរមងារឧកញ៉ា អនុវត្តតាមអនុក្រឹត្យលេខ១៥ អនក្រ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ដែលក្នុងនោះ ចំណុចទី១ មាត្រា២ ចែងថា៖ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ មានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ និងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា»។
ចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដោយអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចែងថា សប្បុរសជនដែលបានធ្វើអំណោយជាថវិកា ឬសម្ភារៈ មានតម្លៃលើសពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ សប្បុរសជនដែលបានធ្វើអំណោយជាថវិកា ឬសម្ភារៈ មានតម្លៃលើសពី ៥០ម៉ឺន ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា»។
អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ គោរមងារ «ឧកញ៉ា» ដែលត្រូវបានប្រោសប្រទានដោយព្រះមហាក្សត្រមានចំនួន ១,២៩៩នាក់។ ឧកញ៉ាគ្រប់ៗគ្នា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈ ១) ការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ, ២) ការបង់ពន្ធ និងអាករផ្សេងៗ ដែលជាប្រភពចំណូលចម្បងជាតិ, ៣) ការជួយទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេស និង ៤) សកម្មភាពមនុស្ស ធម៌ជាច្រើនទៀត៕