(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានពលការិនីខ្មែរ៣នាក់ទៀតហើយ ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានស្ថានទូតកម្ពុជា ជួយសង្រ្គោះ។ ពលការិនី៣នាក់នោះ នឹងត្រូវបញ្ជូនឱ្យត្រឡប់ មកដល់កម្ពុជាវិញនៅថ្ងៃស្អែក។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស។
ពលការិនីខ្មែរ ទាំង០៣រូប ទី១ ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងក្រោម ឃុំជ្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន BCLS នៅកម្ពុជា និង ក្រុមហ៊ុន Jaya Baru នៅប្រទេសម៉ាឡេស៊ី ។ ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី ម៉ៅ សារ៉ាត់ បានបើក ប្រាក់ខែដែលនៅសល់ ជូននាង ហើយក្រុមហ៊ុនបានប្រគល់លិខិតឆ្លងដែន ផ្តល់សំបុត្រយន្តហោះ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
ចំណែកពលការិនីទី២ ឈ្មោះ គាត ស្រោន អាយុ២០ឆ្នាំ រស់នៅភូមិកំពង់លែង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចាញ់បោកមេខ្យល់ទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយចង់ត្រឡប់ទៅផ្ទះវិញដោយម្តាយមានជំងឺ ។
ចុងក្រោយ ពលការិនីទី៣ ឈ្មោះ ចេក ប៉ូរ៉ាំ អាយុ២៧ ឆ្នាំ រស់នៅភូមិបល្ល័ង្គ ឃុំសាងគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Philimore តាំងពី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ដោយមានការអន្តរាគមន៍ពីស្ថានទូតថៅកែ របស់ ពលការិនី ចេក ប៉ូរ៉ាំ បានយល់ព្រម បើកប្រាក់ខែដែលនៅសល់ និងទិញសំបុត្រយន្តហោះជូនពលការិនីរូបនេះ។
គួរបញ្ជាក់ថា ពលការិនីទាំង០៣រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥:៥៥នាទី ៕