(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដលើកទឹកចិត្តឲ្យរឹបអូសផ្ទះសមាជិកប្រឆាំង ដែលមិនព្រមបង់លុយឲ្យម្ចាស់បុរី ឬម្ចាស់លំនៅឋាននានា ដែលខ្លួនបង់រំលស់ ដោយសារតែការជឿតាមការញុះញង់របស់មេកើយរបស់គេនោះ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែននេះ ក្រោយសម្ដេចទទួលបានព័ត៌មានថា សមាជិកគណបក្សប្រឆាំងមួយចំនួនជឿតាមការញុះញង់របស់មេកើយគេ ដោយមិនព្រមបង់លុយផ្ទះដែលខ្លួនរំលស់ បន្ទាប់ពីសារអំពាវនាវរបស់សម្ដេចទៅកាន់ម្ចាស់បុរី ឲ្យមានការយោគយល់ និងបញ្ឈប់ការរឹបអូសផ្ទះអតិថិជនដែលជួបវិបត្តិសេដ្ឋកិច្ច មិនទាន់មានលទ្ធភាពបង់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្តឲ្យរឹបអូសប្រសិនបើអ្នកនោះធ្វើតាមការញុះញង់របស់ពួកបក្សប្រឆាំងឲ្យរឹបអូសចុះ ព្រោះកាលពីពេលបោះឆ្នោតគេថាឲ្យតែគេឈ្នះ គេឲ្យលុបបំណុលចោលទាំងអស់ អញ្ចឹងទេអ្នកណាដែលនិយាយអញ្ចឹងត្រូវរឹបអូសមុនគេ។ អ្នកទិញផ្ទះតាមបុរី បើដឹងថា អ្នកនោះជាក្រុមប្រឆាំងមិនចង់សងតាមការញុះញង់របស់មេបក្សប្រឆាំង ត្រូវរឹបអូសមុនគេខ្ញុំលើកទឹកចិត្ត»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចចង់កាត់ឲ្យដាច់ឫសគល់តែម្ដង អ្នកដែលជឿតាមការញុះញង់។ ប៉ុន្ដែក្នុងករណីនេះ សម្ដេចបានណែនាំឲ្យពិនិត្យឲ្យបានច្បាស់លាស់ព្រោះមានប្រជាពលរដ្ឋខ្លះពិតជាមានបញ្ហាសេដ្ឋកិច្ចប្រាកដមែន។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់បុរីដួលរលំនោះសេដ្ឋកិច្ចរបស់យើងក៏ដួលរលំដូចគ្នា ដូច្នេះអ្នកដែលមានលទ្ធភាពត្រូវបន្ដបង់ធម្មតា ក្រោយកែសម្រួលលក្ខខណ្ឌមួយចំនួន នៅពេលដែលចំណូលម្ចាស់ផ្ទះនោះមានការធ្លាក់ចុះ ដោយត្រូវកាត់បន្ថយទំហំទឹកប្រាក់ដែលត្រូវបង់ ប៉ុន្ដែត្រូវបន្ថែមពេលវេលាតាមស្ថានភាពជាក់ស្ដែង។
សូមជម្រាបថា កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់នៅកម្ពុជា ឲ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងរឹបអូសដោយសារតែពួកគេខ្វះលទ្ធភាពបង់ប៉ុន្មាន។
ការអំពាវនាវដោយទទូចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលព័ត៌មាន អំពីការរឹបអូសផ្ទះរបស់ម្ចាស់បុរីចំពោះអ្នកដែលខ្វះលទ្ធភាពបង់ ខណៈពួកគេបានបង់រំលោះផ្ទះនោះរយៈពេលច្រើនឆ្នាំមកហើយ ហើយអ្នកខ្លះក៏បង់អស់២ភាគ៣ផងដែរ។
សម្តេចបានរំលឹកថា ក្នុងពេលដែលវិបត្តកូវីដ ធនាគារជាតិក៏ដូចជាមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញហើយ រាប់សែនគណនី គឺការរៀបចំឥណទានឡើងវិញ ដែលរយៈពេលសងត្រូវ៥ឆ្នាំ ប៉ុន្តែអាចបន្ថយឬពន្យារទៅ៧ ឬ៨ឆ្នាំ ឬគាត់អាចយករបស់ដាក់បញ្ចាំដើម្បីពង្រីកទុនរកស៊ីផ្សេងៗ៕