(ភ្នំពេញ)៖ ផ្អែកលើបទពិសោធន៍ ទំនាក់ទំនងការងារល្អ និងការជឿជាក់លើភាពជាដៃគូ នៃទំនាក់ទំនង កិច្ចសហការអភិវឌ្ឍ រវាងអគ្គនាយកដ្ឋានពន្ធនាគារ និងអង្គការ Caritas កម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រាងបន្តកិច្ច សហប្រតិបត្តការអភិវឌ្ឍ ជាមួយលោក គឹម រតនា នាយកប្រតិបត្តិអង្គការ Caritas កម្ពុជា។
ក្រៅពីបានរំឮកពីសមិទ្ធិផលជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងដៃគូទាំងពីរ តាំងពីអំឡុងឆ្នាំ២០០៥ អគ្គនាយកបានសង្កត់ធ្ងន់ ទៅលើផែនការកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ជាមួយអង្គការ Caritas កម្ពុជា ដោយស្នើឲ្យអង្គការផ្តោត ការយកចិត្តទុកដាក់ ទៅលើវិធានការបន្សាបគ្រឿងញៀន សុខភាពផ្លូវចិត្ត និងស្តានីតិសម្បទា ជនជាប់ឃុំដែលមាន ផ្ទុកសារជាតិញៀន ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ ក៏ដូចជាការសហការសាងសង់ ប៉ុស្តិ៍សុខភាពថ្មីមួយ ក្រោមរូបភាពបដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅមណ្ឌលអប់រំ កែប្រែទី៤ និងបង្កើតឡើងវិញ កម្មវិធីគាំពារកុមារតាមម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ផងដែរ។
ថ្លែងតបចំពោះការលើកឡើងរបស់អគ្គនាយក ចាន់ គីមសេង លោក គឹម រតនា បានថ្លែងកោតសរសើរ និងអំណរគុណចំពោះការបើកចំហរ និងទទួលស្វាគមន៍ពីសំណាក់ អគ្គនាយកដ្ឋានពន្ធនាគារ ដែលជានិច្ចជាកាល តែងផ្តល់ការគាំទ្រឲ្យ Caritas កម្ពុជា មានលទ្ធភាពបំពេញបេសកកម្ម ប្រកបដោយជោគជ័យ ក្នុងការផ្តល់កិច្ចគាំពារផ្នែកសុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវ:ដល់បណ្តាជនជាប់ឃុំ ដោយមិនរើសអើងឡើយ។
ជាកិច្ចតបស្នង Caritas កម្ពុជា បានសន្យាថានឹងឧបត្ថម្ភកុំព្យូទ័រយួរដៃ និងលើតុមួយចំនួនធំ ដើម្បីបំពេញតម្រូវការខ្វះខាត សម្ភារការិយាល័យនៅតាមមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី/ខេត្ត និងអគ្គនាយកដ្ឋាន ដែលសម្ភារទាំងនោះជាអំណោយរបស់ Caritas សិង្ហបុរី។
ពិធីចុះហត្ថលេខានេះ រៀបចំឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានពន្ធនាគារមកពីខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី រតនគីរី និងមណ្ឌលអប់រំកែប្រែទី៤៕