(ភ្នំពេញ)៖ មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ជាមួយនឹងថ្នាំញៀនជាង ៥៦គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ១៧០គីឡូក្រាមផ្សេងទៀត ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្ដមសេនីយ៍ទោ សាន សុទ្ធី និងវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយការិយាល័យសហការជាមួយកម្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបនៅ៣គោលដៅ៖ គោលដៅទី១ នៅចំណុចមុខខុនដូអិល តាមបណ្ដោយផ្លូវលេខ៦៩BT សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, គោលដៅទី២ នៅចំណុចផ្ទះលេខ Eo1EZ ផ្លូវ163 សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង និងគោលដៅទី៣ នៅចំណុចផ្ទះ លេខ៣៧ បុរីមួយកន្លែង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នពេញ។

សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សារី ហ្វីត្រាទូលូ ជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ និងចាប់យកវត្ថុតាងរួមមានសារធាតុញៀន ៣ប្រភេទ (ម៉េតំហ្វេតាមីន- MDMA-ខេតាមីន) ទម្ងន់ជាង ៥៦គីឡូក្រាម និងសារធាតុមិនច្បាស់លាស់ទម្ងន់ជាង ១៧៤គីឡូក្រាម រួមទាំងឧបករណ៍កែឆ្នៃមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗមិនតិចជាង១០ករណីទេ។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕