(រតនគិរី)៖ មន្រ្តីម្នាក់ដែលបម្រើការងារ នៅមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ខេត្តរតនគិរី បានចេញមកទម្លាយការលួចកឹបកេងលុយបេសកកម្ម ជាង២លានរៀល ពីសំណាក់អនុប្រធានមន្ទីរម្នាក់ និងមន្រ្តីក្រុមការជាអ្នករៀបចំទូទាត់បេសកកម្ម។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក វ៉ាន់ សុខន មន្រ្តីបម្រើការងារនៅមន្ទីរមួយនេះ បានបញ្ជាក់ថា លុយបេសកកម្មរបស់លោកប្រមាណ២លាន គឺលុយបេសកកម្មនៅខែមករា និងខែមីនា ឆ្នាំ២០១៦ ដែលជាបេសកកម្មមកភ្នំពេញនោះ នៅមិនទាន់បើកបាននៅឡើយទេ រហូតមកដល់ពេលនេះ ប៉ុន្តែសម្រាប់អនុប្រធានមន្ទីរវិញ គឺលោក ប៉ែន ហេង និងលោក ឡុង ច័ន្ទអភិរក្ស មន្រ្តីក្រុមការជាអ្នករៀបចំទូទាត់បេសកកម្ម បែរជាទៅលួចបើកស្ងាត់ៗទៅវិញសម្រាប់ថ្លៃបេសកកម្ម នៅខែមីនា ខែមេសា និងខែឧសភា។

លោក វ៉ាន់ សុខន ដែលត្រូវការលុយជាចាំបាច់ដើម្បី យកទៅផ្តត់ផ្គង់គ្រួសារនោះ បាននិយាយថា «ខ្ញុំបាទឈ្មោះ វ៉ាន់ សុខន ជាមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរីសូមឲ្យ Fresh News ជួយផ្សាយពីមន្រ្តីពីររូបដែលឃុបឃិតគ្នាក្នុងការដកបេសកកម្មស្ងាត់ៗ ដោយបេសកកម្មមន្រ្តីក្នុងអង្គភាពដែលមាននោះ មិនបានទូរទាត់ឲ្យទេ ដូច្នេះសូមដង្កោយទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលព័ត៌មាន និងមានវិធានការជាបន្ទាន់»

បើតាមលោក វ៉ាន់ សុខន បេសកកម្មមន្រ្តីទាំង២នាក់ គឺលោក ប៉ែន ហេង និងលោក ឡុង ច័ន្ទអភិរក្ស បែរលួចទូទាត់ស្ងាត់ៗគឺប្រហែលជាង១១លានរៀលឯណោះ។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់ស្វែងរកការបកស្រាយពីប្រធានមន្ទីរសេដ្ឋកិច្ចខេត្តនៅឡើយទេ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ៕

លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តរតនគិរី