(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តិ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចពិគ្រោះយោបល់លើកទី២ ជាមួយសង្គមស៊ីវិលស្តីពីការតាមដានលើ «សេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស លើរបាយការណ៍តាមកាលកំណត់លើកទី៣-យេនឌ័រ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ»។

កិច្ចប្រជុំនេះសហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ រាជធានីភ្នំពេញ។ 

កិច្ចពិគ្រោះយោបល់ រៀបចំឡើងក្នុងគោលបំណងទី១៖ ពិភាក្សាអំពីផែនការអនុវត្តរបស់ក្រសួងពាក់ព័ន្ធ ទៅលើការអនុវត្តសេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាពិសេសផ្នែកសមភាពយេនឌ័រ ដោយគិតគូពីអនុសាសន៍មុនៗរបស់គណៈកម្មាធិការស្តីពីអំពើហិង្សាផ្អែកលើយេនឌ័រ, ទី២៖ កំណត់តួនាទី និងពិភាក្សាអំពីការទទួលខុសត្រូវរបស់អង្គការសង្គមស៊ីវិល (CSOs) ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការគាំទ្រផែនការអនុវត្តរបស់ក្រសួងពាក់ព័ន្ធ និង៣៖ ពិភាក្សាអំពីជំហានបន្ទាប់ទាក់ទងនឹងផែនការផ្សព្វផ្សាយ និងការអនុវត្តរួមទាំងការផ្តល់អាទិភាពលើអនុសាសន៍តាមប្រធានបទដែលត្រូវជជែកពិភាក្សាបន្ត និងធ្វើសកម្មភាពរួមគ្នា រួមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងដែលអាចរៀបចំដោយក្រសួង អង្គការសង្គមស៊ីវិល និងស្ថាប័នអង្គការសហប្រជាជាតិ។ 

លោក កែរ រ៉េមី បានលើកឡើងថា សមភាពយេនឌ័រនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការកើនឡើងនូវចំនួននិស្សិតស្រ្តីដែលបានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។

បន្ថែមពីនេះ លោកក៏សង្កត់ធ្ងន់ថាវិស័យអប់រំគឺជាកត្តាចម្បងក្នុងការធានានូវសមភាពយេនឌ័រ និងប្រឆាំងនឹងអំពើហិង្សាលើស្រ្តីភេទ ដែលអាចធ្វើឱ្យគ្រប់គ្នាយល់ដឹងពីតម្លៃរបស់ស្រ្តីដែលពួកគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាចំពោះស្រ្តី។

លោកស្រី ប៊ុនឈិត វាសនា អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងរបស់លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងថា ក្រសួងកិច្ចការនារីបានធ្វើកិច្ចការជាច្រើនក្នុងការងារបញ្ជ្រាបយេនឌ័រ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងការលើកកម្ពស់សិទ្ធិស្ត្រី។

លោកស្រី Roeida El Hage តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានលើកឡើងថា កិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល និងអង្គភាពរដ្ឋគឺជាគំរូល្អដែលត្រូវបានលើកទឹកចិត្ត និងមានសារៈសំខាន់ណាស់ដែលយើងរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្ស។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ក៏បានបញ្ជ្រាបផងដែរនូវការអបអរសាទរខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ធ្វើការបេ្ដជ្ញាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

លោកស្រីបានលើកឡើងថា OHCHR នឹងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ក្នុងសិក្ខាសាលានេះផងដែរ លោកស្រី Camilla W. Ottsson ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស៊ុយអែតប្រចាំភ្នំពេញ បានលើកផងដែរថា បញ្ហាយេនឌ័រនៅតែមានមិនថានៅប្រទេសណាក៏ដោយនៅលើសកលលោកយើងនេះ។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងភេទ និងលើកកម្ពស់ឱ្យមានសមភាពយេនឌ័រ ក៏ដូចជាព្យាយាមបញ្ចៀសអំពើហិង្សាប្រឆាំងរើសអើងស្រ្តីភេទ។ 

កិច្ចពិគ្រោះយោបល់នេះ ក៏ជាវេទិកាពិភាក្សាផ្លាស់ប្ដូរយោបល់រវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងស្ថាប័នអង្គការសហប្រជាជាតិ ដោយបានបង្ហាញនូវផែនការអនុវត្តសេចក្ដីសង្កេតសន្និដ្ឋានពាក់ព័ន្ធនឹងយេនឌ័រ ទៅតាមសមត្ថកិច្ច និងវិស័យរៀងៗខ្លួន ព្រមជាមួយនឹងការលើកឡើងនូវអនុសាសន៍មួយចំនួនផងដែរ។ វេទិកានេះ ក៏បានផ្ដល់ជាឱកាសបើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងទិសដៅធានាលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គមខ្មែរឱ្យកាន់តែប្រសើរឡើង៕