(ឧត្តរមានជ័យ)៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអាសូរ ខណៈដែលឪពុកម្ដាយបង្កើត បានទុកកូនរបស់ខ្លូន ឲ្យយាយតាមើលថែ ហើយខ្លួនបានទៅរកស៊ីនៅប្រទេសថៃ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះ បានជិះកង់រុញលេងក្បែផ្ទះ ខណៈដែលលោកយាយ របស់ក្មេងប្រុសនោះមានជម្ងឺថ្លង់ ហើយកំពុងអង្គុយធ្វើត្រីក្បែផ្ទះ និងជីតាកំពុងធ្វើទ្រុងទា លុះមួយសន្ទុះក្រោយមក ពួកគាត់បាត់ចៅមិនឃើញ ក៏បាននាំគ្នាដើររក ស្រាប់តែពេលនោះឃើញ ចៅស្លាប់អណ្តែតទឹកបាត់ទៅហើយ។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែលស្លាប់ឈ្មោះ ជើន ណាចេ មានឪពុកឈ្មោះ ចាន់ ជួយ អាយុ២៣ឆ្នាំ និងម្ដាយឈ្មោះ ពឿន ស្រីនី អាយុ២០ឆ្នាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុភា្លមៗដើម្បីពិនិត្យសាកសព ហើយរកឃើញថាក្មេងប្រុសនេះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕