(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ចំនួនពីរថ្ងៃនៅរាជធានីភ្នំពេញដែលនឹងផ្តល់ឱកាសការសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ សម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ។

ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយនៅក្នុង នៅអគារ Kampu ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO ដោយផ្តោតលើប្រធានបទ៖«ការបង្កើនឱកាសការងារ ជ្រើសរើសជំនាញ និងកម្មសិក្សាការងារ»។

លោក សុភា ណុពង្ស ប្រធានស្តីទីផ្នែកជ្រើសរើសបុគ្គលិកធនាគារ Wing លើកឡើងថា NEA ជាដៃគូយ៉ាងសំខាន់ជាមួយនឹង Wing កន្លងមក ក្នុងការជួយផ្សព្វផ្សាយពីព័ត៌មានការងារ និងជួយជ្រើសរើសបុគ្គលិកដល់ធនាគារកន្លងមក។

លោកបន្ថែមថា សម្រាប់ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ខាងមុខនេះ ធនាគារ Wing នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែង។

លោកក៏សូមអំពាវនាវដលប្រជាពលរដ្ឋសិស្ស-និស្សិតអ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ចូលរួមក្នុងពិព័រណ៍ការងាររយៈពេល២ថ្ងៃនេះឱ្យបានច្រើនកុះករ នឹងសូមនាំយក CV មកដាក់ជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្ត។

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមានការចូលរួមពីសំណាក់វាគ្មិនជំនាញជាច្រើនរូបទៀតផង។

កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខសាលាទៀតផង។

កញ្ញា បន្ថែមថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស និស្សិត និងយុវជនជាច្រើនបានចូលរួមក្នុងកម្មវីធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។

សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលជាក្តីស្រមៃ។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧/០៩៦ ២១៥៥ ១៦២៕