(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារឌីជីប៊ី (DGB Bank) ចុះអនុស្សារណៈយោគយល់ និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) និងផ្ដល់ថវិកាចំនួន៦ម៉ឺនដុល្លារក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ស្មើនឹង៣០ម៉ឺនដុល្លារ ជូនសមាគម AMT បាននិងកំពុងតែធ្វើការផ្តល់ឱកាសសម្រាប់ការរីកធំធាត់ និងការអប់រំដល់យុវជន និងយុវនារី កម្ពុជា ដែលជាធនធានមួយដ៏សំខាន់សម្រាប់សង្គមរបស់យើងនាពេលអនាគត។

លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហាររូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណធនាគារធនាគារឌីជីប៊ី (DGB Bank) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោក Hwang Byung Woo នាយកប្រតិបត្តិធនាគារ DGB បានបញ្ជាក់ថា យុវជនជំនាន់ក្រោយរបស់យើង នឹងមានឱកាសអាចលាតត្រដាងនូវសេចក្តីសុបិន្តរបស់គេបានហើយលទ្ធផលនៃភាពជោគជ័យរបស់ពួកគេ នឹងក្លាយជាមោទនភាពដ៏ធំធេងរបស់យើង។

លោកបានបន្ដថា «យើងខ្ញុំផ្ដល់តម្លៃយ៉ាងខ្លាំង ចំពោះការផ្ដល់ការគាំទ្រសម្រាប់ការអប់រំដល់យុវជនជំនាន់ក្រោយ។ តាមរយៈការចូលរួមជាមួយនឹងសមាគម អ.ម.ត លើកនេះ យើងខ្ញុំសង្ឃឹមថា យើងខ្ញុំអាចក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានភាពពេញបរិបូណ៌ តាមរយៈការផ្ដល់ជាការគាំទ្រឲ្យមានការរីកចំរើននូវសក្តានុពល និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា»

លោក Hwang Byung Woo បានបញ្ជាក់ថា ធនាគារឌីជីប៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានផ្ដល់ឱកាសឲ្យយើង ចូលរួមសហការជាមួយនឹងសមាគម អ.ម.ត ហើយសង្ឃឹមថា ទៅថ្ងៃអនាគត យើងនឹងនៅតែបន្តកិច្ចសហការដ៏មានតម្លៃនេះ ព្រមទាំងមានការរីកចម្រើនរួមគ្ន ជាមួយនឹងសេចក្តីសុបិននាពេលអនាគតរបស់យុវជនយើង។ លោកសូមធ្វើការលើកទឹកចិត្ត និងការគាំទ្រដល់ការខំប្រឹងប្រែងដ៏មោះមុតរបស់សមាគម អ.ម.ត និងសង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងការផ្តល់អាហារូបករណ៍ក្នុងថ្ងៃនេះ នឹងបញ្ចប់ទៅដោយជោគជ័យ៕