(កំពង់ធំ)៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

លោក សេង សារ៉ាត បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹងនាំខេត្តកំពង់ធំ មើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារតែកន្លងមកផ្លូវ១ខ្សែមួយនេះមានទំហំតូច ពេលរដូវវស្សាមានភ្លៀងធ្លាក់ បង្កឱ្យមានការលំបាកដោយសារផ្លូវមានសភាពរអិល និងមិនមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

លោកបន្តថា ផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ នៅពេលដែលស្ថាបនារួចរាល់ ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមកការដឹកជញ្ជូនផល្លានុផល កសិផលផលដំណាំ កសិឧស្សាហកម្ម ស្បៀងអាហារ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយការកើតមានគ្រោះថ្នាក់ ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោក សេង សារ៉ាត បានផ្តាំផ្ញើបងប្អូនសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ដើម្បីចៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិត និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមកំពុងបើកការដ្ឋានមានប្រវែង៤.១៥០ ម៉ែត្រ លូជ្រុងមួយកន្លែង នឹងលូមូល៥ កន្លែង ទទឹងដីស៨ម៉ែត្រ គ្រួសក្រហម៥ម៉ែត្រ កំរាស់ ០.១៥ ម៉ែត្រ៕