(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងលុយចំនួន៤ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារមួយចំនួនទៀត ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះចំនួន២ខ្នងទៀត បណ្ដាលឱ្យរងការខូចខាតអស់ប្រហែល ៣០% នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងនោះបានបណ្តាលឲ្យឆាបឆេះផ្ទះអស់ចំនួន២ខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន២ខ្នងទៀតប្រហែល៣០% សាឡុង១ឈុត ម៉ាស៉ីនដេរចំនួន៤ មាស៥ជី និងលុយចំនួន៤០,០០០ដុល្លារ។
យោងតាមរបាយការណ៍ដដែល អគ្គិភ័យខាងលើនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង២៖០០នាទីរសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន រថយន្តស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុតាង ក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន រថយន្តសាលាខណ្ឌច្បារអំពៅចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន រថយន្តបុរីប៉េងហួតបឹងស្នោចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន រថយន្តទីក្រុងកោះនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន៕