(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនូវែលសេឡង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើភាពជាដៃគូស្ដីពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។

ការចុះហត្ថលេខានេះធ្វើឡើងរវាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jonathan KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនូវែលសេឡង់ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរប្រកបដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៨។

បើតាមលោក ឡុង កុសល អាជ្ញាធរជាតិអប្សរាបានចាត់ទុកថា គម្រោងនេះពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាព ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិ ដើម្បីអភិវឌ្ឍសហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។

លោក ឡុង កុសល បានបន្តទៀតថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា៖

* ទី១. គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan)។

* ទី២. គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L។

* ទី៣. គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕