(រតនគិរី)៖ អគារមិត្តភាពកម្ពុជា-វៀតណាម របស់វរសេនាតូចការពារព្រំដែនលេខ២ តំបន់ប្រតិបត្តិការសឹករងរតនគិរី នៃយោធភូមិភាគទី១ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំង

វរសេនាតូចការពារព្រំដែនលេខ២ នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោមអធិតីភាពលោកឧត្តមសេនីយ៍ឯក ខៀវ សាន អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររៀបចំ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទី១ ចំនួន៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម តំណាងនាយឧត្ដមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា តំណាងក្រសួងការពារប្រទេសវៀតណាម, អភិបាលរងខេត្ត, ឧត្តមសេនីយ៍នៃ កងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍តំណាង នាយកដ្ឋានព្រំដែនគោក នៃអគ្គស្នងការនគរបាលជាតិ មេបញ្ជាការយោធភូមិភាគទី១, មេបញ្ជាការសឹករងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានមន្ទីរជុំវិញខេត្ត និងនាយទាហាន ពលទាហានជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ខៀវ សាន បានលើកឡើងថា អគារ០១ខ្នងនេះ កំពស់០១ជាន់ មានទំហ៊ំ៤៨ម៉ែត្រx១៤ម៉ែត្រ ដោយចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃនេះ ហើយត្រូវបញ្ចប់ការសាងសង់ ជាស្ថាពរនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដាក់សម្ពោធឱ្យប្រើប្រាស់បានមុនថ្ងៃប្រារព្ធពីធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទី១ចំនួន៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍បន្តថា នេះជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនៃប្រទេសទាំង២កម្ពុជា-វៀតណាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ ដើម្បីអនុវត្តភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៃប្រទេសទាំង២ជាពិសេស កសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យការពារជាតិ។

ជាក់ស្តែងសំណង់អគារមួយនេះ នឹងរួមចំណែកសំខាន់បន្ថែមទៀតដល់ការកសាងសមត្ថភាព ការពារជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កម្ពុជា និងសម្រាប់ការពារសន្តិសុខព្រំដែននៃប្រទេសទាំង ២ផងដែរ៕