(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ជំរុញឲ្យក្រុមហ៊ុនវិនិយោគដីសម្បទាន សេដ្ឋកិច្ចទាំងអស់ បង្កើតល្បឿននៃការដាំដុះ ដំណាំកសិឧស្សាហកម្ម ទៅតាមកម្មវិធីការងារ និងផែនការផលិតកម្មឲ្យបានលឿន។
ការជំរុញរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីជំនួប សំណេះសំណាលជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅក្នុងសណ្ឋាគារ កាំប៉ូឌីយ៉ាណា នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ។
លោក វេង សាខុន បានថ្លែងថា គិតមកដល់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលទទួលបានគោលការណ៍ វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា និងបានចុះកិច្ចសន្យា ជាមួយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ហើយកំពុងនៅមានសុពលភាព មានចំនួនសរុប២២៣ក្រុមហ៊ុន ក្នុងនោះរួមមាន៖
១. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលបានចុះកិច្ចសន្យា ជាមូយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុប១១១ ក្រុមហ៊ុន,
២. ក្រុមហ៊ុនទទួលបានគោលការណ៍ វិនិយោគពីរាជរដ្ឋាភិបាល តែមិនទាន់បានចុះកិច្ចសន្យាមានចំនួន៧ក្រុមហ៊ុន និង
៣. ក្រុមហ៊ុនមានទំហំផ្ទៃដីតូចជាង១០០០ហិកតា មានចំនួន៣២ក្រុមហ៊ុន ។
លោកបានបន្តថា ដោយឡែកក្រុមហ៊ុនដែលបានចុះកិច្ចសន្យារួច ជាមួយក្រសួងបរិស្ថាន មានចំនួនសរុប៧៣ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ៤៥០៦៩៥ ហិកតា ដែលករណីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តសហការអនុវត្តអនុក្រឹត្យលេខ៣៤ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ពន្ធ័នឹងសមត្ថកិច្ច និងការគ្រប់គ្រង់តំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើ និងជនផល ជាពិសេសការផ្ទេរតំបន់ព្រៃការពារ តំបន់អភិរក្សព្រៃឈើចំនួន១៣កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅក្រសួង បរិស្ថានគ្រប់គ្រង និងការផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន៧៣ កន្លែងពីក្រសួងបរិស្ថាន ទៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង់បន្ត តាមរយៈអនុក្រឹត្យលេខ ៦៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦៕