(បាត់ដំបង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លីហួត ប្រធានក្រុមការងារ និងសមាជិក សមាជិកាបាននាំយកទេយ្យទាន គ្រឿងបរិភោគ និងថវិកា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៧វត្ត រួមមានវត្តបឹងឈូក វត្តធ្ង័រ វត្តទួលអណ្ដែត វត្តរូង វត្តភ្នំប្រាក់ វត្តប៉ែឡា វត្តកំពង់កល់ ក្នុងឃុំចែងមានជ័យ ដែលគិតជាថវិកាក្នុង១វត្តចំនួន១០ម៉ឺនរៀល ដើម្បីឧទ្ទិសកុសល ជូនទៅញ្ញាតិសន្ដាន ដែលបានចែកឋាន ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។
បន្ទាប់មកលោក សុខ លីហួត និងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ សំណោះសំណាលគ្រួសារ ប្រជាពលរដ្ឋទទួលមរណភាព និងស្រ្ដីសម្រាលកូន ដែលនាំយកមូលនិធិសម្ដេច ស ខេង ក្នុងមួយគ្រូសារទទួលបាន២០ម៉ឺនរៀល។
ក្រុមការងារបានអនុវត្តន៍ផែនការ ផ្ដល់មូនិធិសម្ដេច ស ខេង សម្រាប់ផ្ដល់ជូនស្រ្ដីសម្រាលកូន និងប្រជាពលរដ្ឋទទួលមរណភាព ដោយគិតចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន មានស្រ្ដីសម្រាលកូនចំនួន២៧០នាក់ និងប្រជាពលរដ្ឋទទួលមរណភាពចំនួន៥៧នាក់ ក្នុងឃុំចែងមានជ័យ ទាំងមូលដោយក្នុងមួយនាក់ៗ ទទួលបាន២០ម៉ឺនរៀល សរុបជាថវិកាអស់ចំនួន៦៥,៤០០,០០០រៀល ។ ដោយលើកលែងចំពោះមូលនិធិ សម្ដេចសម្រាប់អាពាពិពាហ៍ ចាប់អនុវត្តន៍ពីខែកក្កដា ឆ្នាំ២០១៦នេះតទៅ។ ក្រៅពីមូលនិធិខាងលើ ក្រុមការងារបានចូលរួមចំណែកកសាងផ្លូវ ឧបត្ថម្ភពលរដ្ឋ ដែលទទួលរងខូចខាតលំនៅដ្ឋានដោយអគ្គិភ័យ ខ្យល់កន្រ្ដាក់ ចំណាកស្រុក មានជំងឺ។ល។
លោក សុខ លីហួត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំចែងមានជ័យ បានណែនាំដល់ក្រុមការងារថ្នាក់មូលដ្ឋាន ក៏ដូចជាអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងឃុំចែងមានជ័យ យកចិត្តទុកដាក់អនុវត្តន៍ គោលនយោលបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ ជូនប្រជាពរដ្ឋ។
លោកក៏បានជម្រុញអាជ្ញាធរមូលដ្ឋាន ណែនាំប្រជាពលរដ្ឋ ធ្វើអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនបោះឆ្នោតឃុំ សង្កាត់ និងថ្នាក់ជាតិនៅពេលខាងមុខ៕