(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់នៅកម្ពុជា ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងរឹបអូសដោយសារតែពួកគេខ្វះលទ្ធភាពបង់ប៉ុន្មាន។
ការអំពាវនាវដោយទទូចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលព័ត៌មាន អំពីការរឹបអូសផ្ទះរបស់ម្ចាស់បុរីចំពោះអ្នកដែលខ្វះលទ្ធភាពបង់ ខណៈពួកគេបានបង់រំលោះផ្ទះនោះរយៈពេលច្រើនឆ្នាំមកហើយ ហើយអ្នកខ្លះក៏បង់អស់២ភាគ៣ផងដែរ។
សម្តេចបានរំលឹកថា ក្នុងពេលដែលវិបត្តកូវីដ ធនាគារជាតិក៏ដូចជាមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញហើយ រាប់សែនគណនី គឺការរៀបចំឥណទានឡើងវិញ ដែលរយៈពេលសងត្រូវ៥ឆ្នាំ ប៉ុន្តែអាចបន្ថយឬពន្យារទៅ៧ ឬ៨ឆ្នាំ ឬគាត់អាចយករបស់ដាក់បញ្ចាំដើម្បីពង្រីកទុនរកស៊ីផ្សេងៗ។
សម្តេចបន្តថា «តាមបុរីនានា កិច្ចសន្យាពិតជាមានហើយរវាងអ្នកលក់ និងអ្នកទិញក្នុងការបង់រំលោះផ្ទះ បង់រំលោះរថយន្ត មានកិច្ចសន្យាជាពិសេសគឺបង់រំលោះផ្ទះតែម្តង ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ ផ្តល់ការយោគយល់ចំពោះការលំបាក របស់អ្នកដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែប្រាក់ចំណូលធ្លាក់ អញ្ចឹងគប្បីត្រូវរៀបចំឥណទានឡើងវិញ»។
សម្តេចបានឧទាហរណ៍ថា បើគាត់បង់១ខែ៥០០ដុល្លាររយៈពេល១៥ឆ្នាំ ម្ចាស់បុរីក៏អាចសម្រួលឱ្យគាត់បង់តិចជាងនេះ នៅត្រឹម៤០០ដុល្លារ ឬ៣៥០ដុល្លារ ក្នុងមួយខែ ប៉ុន្តែបង់រយៈពេល២០ឆ្នាំបាន។ សម្តេចបញ្ជាក់បន្ថែមថា «ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ ហើយថៅកែអត់មានអ្វីខាតទេ ម្ចាស់បុរីចំណេញទៅវិញទេ ត្រង់អី គឺការប្រាក់នៅតែជាការប្រាក់ដដែល ហើយអូសបន្លាយពេលសង»។
ជាមួយនឹងចំណាត់ការលើបញ្ហានេះ សម្តេចបានណែនាំឱ្យ អ្នកឧកញ៉ា លី ហួ ដែលជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យ ឱ្យសម្របសម្រួលជាមួយសមាជិកនានារបស់ខ្លួន។ សម្តេចបានបញ្ជាក់ថា ប្រសិនបើមិនបង់ប្រចាំខែភ្លាមរឹបអូសភ្លាម នោះសេដ្ឋកិច្ចរបស់កម្ពុជា នឹងដើរដល់ចំណុចមួយដែលគ្រោះថ្នាក់លំបាកទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរឹបអូស នឹងធ្វើអ្នកដែលបង់អស់លុយច្រើនហើយនៅខ្វះតែបន្តិចបន្តួច ឬបង់បាន២ភាគ៣ នៃតម្លៃផ្ទះ មានការឈឺចាប់ ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែគាំពាទាំងសង្ខាង។
សម្តេចក៏បានណែនាំផងដែរដល់ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដាក់ចេញនូវកិច្ចការបន្ថែមដើម្បីដោះស្រាយបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមអង្វរដល់ម្ចាស់បុរីទាំងអស់ ដែលបានរឹបអូសផ្ទះពីអ្នកបង់រំលោះថ្មីៗ យោគយោល់ ហើយហៅពួកគាត់មកវិញ ឬក៏អាចផ្តល់ប្រាក់កាសខ្លះសម្រាប់អ្នកដែលត្រូវបានរឹបអូសនោះ។
«នេះជាការអង្វកររបស់ខ្ញុំ ដើម្បីសុំឱ្យផ្តល់ការយោគយល់ អ្នកដែលមិនទាន់រឹបអូស ក៏មិនត្រូវរឹបអូសតទៅទៀត ពន្យាររយៈពេលសង ឬបន្ថយប្រាក់បង់ប្រចាំខែ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។ សម្តេចក៏ជឿជាក់ដែរថា អ្នកឧកញ៉ា ថៅកែបុរីរបស់កម្ពុជា មិនចិត្តអាក្រក់នោះទេ ដែលសាររបស់សម្តេចគឺផ្ញើទៅឧកញ៉ា ឱ្យពិនិត្យពិចៃដោយចិត្តសប្បុរស និងចិត្តធម៌ ហើយយកផ្លូវឈ្នះឈ្នះធ្វើជាគោល។
សម្តេចបានបញ្ជាក់ទៀតថា៖ «ធ្វើបុណ្យទាន់ជាតិនេះកុំចាំជាតិក្រោយ ធ្វើបុណ្យអញ្ចឹងបានបុណ្យ បើមិននៅឋានមនុស្សក៏ទៅឋានទេវតា ឬឋានព្រះនិព្វាន»៕