(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្លាប់បានយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា សង្គ្រាមពិតណាស់ងាយនឹងបង្កើត ដោយគ្រាន់តែសម្រេចចិត្តប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្ដែការពន្លត់សង្គ្រាមចេញពីប្រទេសមួយនោះ មិនងាយស្រួលនោះឡើយ។

ក្នុងឱកាសបន្ដចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង, សម្ដេចតេជោ ហ៊ុន សែន បានដំណាលរឿងរ៉ាវកាលពីអតីតកាលថា លន់ នល់ សម្រេចចិត្តតែប៉ុន្មាននាទីដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរតនកោដ្ឋ ដោយបានធ្វើឲ្យមនុស្សស្លាប់រាប់សែននាក់ និងរបួសពិការរាប់ម៉ឺននាក់ទៀតផង។ ក្រោយមកបានរុញឲ្យកម្ពុជា រអិលធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្គ្រាមវាងាយបង្កើតណាស់ សម្រេចចិត្តតែប៉ុន្មាននាទី គឺសង្គ្រាមផ្ទុះ ប៉ុន្ដែការរំលត់ភ្លើងសង្គ្រាមទើបវាជារឿងលំបាក។ លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ត សីហនុ ព្រះបិតាជាតិរបស់យើង គឺសម្រេចចិត្តតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្ដែផ្ទុយទៅវិញផលវិបាកនៃការសម្រេចចិត្តនេះ បានធ្វើឲ្យប្រទេសមានសង្គ្រាម ដែលសម្លាប់ប្រជាជនពេលនោះរាប់សែននាក់ របួសពិការរាប់ម៉ឺននាក់ បន្ទាប់ពីនោះទៅប្រទេសកម្ពុជារអិលធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្រោយកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្ដែសង្គ្រាមនៅបន្ដ ហើយទម្រាំរកបាននូវ «សន្ដិភាព» សម្ដេច រួមទាំងឥស្សរជនជាច្រើនរូបទៀត ត្រូវយកជីវិតទៅប្ដូរ ដូច្នេះមិនត្រូវឲ្យសង្គ្រាមវិលត្រឡប់មកវិញទៀតនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា យុវជនជំនាន់នេះ គឺមានសំណាងណាស់ដោយសារកម្ពុជា គ្មានសង្គ្រាមទៀតនោះទេ ប៉ុន្ដែសម្ដេចនៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នារក្សានូវសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលបច្ចុប្បន្ននេះ។ សម្ដេចបានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសកម្ពុជា គ្មានសន្ដិភាពទេនោះ កុំនិយាយដល់ការអភិវឌ្ឍ សូម្បីតែការពារជីវិតឲ្យនៅរស់រានក៏លំបាកផង។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យកម្មករ កម្មការិនី ក្រឡែកមើលទៅប្រទេសអ៊ុយក្រែន, ម៉ាលី, អាហ្វ្រិកកណ្ដាល និងប្រទេសស៊ូដង់ជាដើម តើប្រជាជនស្លាប់អស់ប៉ុន្មានហើយ? ដែលទាំងអស់នេះជាទុក្ខសោកនៃសង្គ្រាមដែលមិនត្រូវបង្កើតឲ្យមានទៀតនោះឡើយ។ សម្ដេចនៅតែរំលឹកថា ប្រសិនគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយម្ល៉េះពេលនេះកម្មករ កម្មការិនី ក៏គ្មានការងារធ្វើ ព្រោះគ្មានវិនិយោគិនណាទៅរកស៉ីបណ្ដាក់ទុននៅប្រទេសដែលកំពុងមានសង្គ្រោះ ប្រទេសដែលប្រជាពលរដ្ឋកំពុងរត់គេចពីគ្រាប់ផ្លោងនោះដែរ។

ទាក់ទិនការបន្ដរក្សាសន្ដិភាពនេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏ធ្លាប់បានសង្កត់ធ្ងន់ថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំនាយករដ្ឋមន្ដ្រី ទាំងសម្ដេចក្ដី ឬអ្នកបន្ដវេនជំនាន់ក្ដី ពោលឲ្យតែចេញពីគណបក្សប្រជាជនកម្ពុជា គឺមានលទ្ធភាពការពារសន្ដិភាពទាំងអស់។ ហើយការបន្ដវេននោះទៀតសោត គឺបន្ដតាមរយៈការបោះឆ្នោត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវឲ្យកម្មករ កម្មការិនី និងនិយោជិតទាំងអស់ ត្រូវតែរួមគ្នាចូលរួមថែរក្សាសុខ សន្ដិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ននេះ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្ដការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។ អ្នកដែលស្វែងរកសន្ដិភាព គឺជាអ្នកដែលការពារសន្ដិភាព ខណៈអ្នកដែលមិនបានស្វែងគេខិតខំយ៉ាងណាដើម្បីឲ្យតែអស្ថេរភាពក្នុងប្រទេស ដោយមិនបានគិតទៅដល់បញ្ហាទាក់ទិនអ្នកណាស្លាប់ អ្នកណារស់នៅទេ ពោលគេធ្វើយ៉ាងណាឲ្យបានអំណាចប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលនេះ សម្ដេចហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ពិសេសកំចាត់ចោលរាល់ក្រុមបុគ្គលមួយចំនួនតូច ដែលប៉ុនប៉ងបំផ្លាញសន្ដិភាព សម្រាប់ប្រជាជន១៧លាននាក់របស់កម្ពុជា៕