(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានអះអាងថា ក្រុមដែលប្រកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការឆក់ឱកាស បង្កចលាចលក្នុងសង្គមប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានលទ្ធភាពតតាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ។
ការអះអាងរបស់ ឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមរណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលកន្លងទៅធ្លាប់លាក់ខ្លួន នៅប្រទេសថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល បានប្រកាសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា អ្នកអំពាវនាវ រដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា យ៉ាងកក្រើកនៅលើបណ្តាញសង្គម Facebook នោះ គឺជាសមាជិករបស់ខ្លួន។
លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់ Fresh News ឱ្យដឹងថា «ពួកគេមិនមានកាំភ្លើង មិនមានអាវុធឯណា ដូច្នេះចេះតែក្រឡុកសភាពការណ៍ ឱ្យតែប្រជារាស្រ្តវិលតាម អ្នកដែលមិនយល់នឹងចេះ តែវិលទៅតាមគេ និយាយរួមទៅក្រុមនេះ គឺជាក្រុមអត់ប្រយោជន៍ ជាក្រុមបំផ្លាញសេចក្តីសុខ របស់ប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ដែលអះអាងថា រូបគេស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរ តាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។
បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ «Vichea Som» ហើយមានទាំងរូបស្លៀកពាក់យោធាជាមួយក្រុមយោធានោះ បានថ្លែងការណ៍តាមវីដេអូ របស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យ អង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួន ឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ បានអះអាងថា ការប្រកាសបែបនោះ គឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយការប្រកាសបែបនោះ គឺមានលក្ខណៈញុះញ៉ុង និងមានចរិតជា លក្ខណៈកុប្បកម្ម បះបោដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បញ្ឈប់នូវការចែកចាយនូវវីដេអូ ប្រកាសធ្វើរដ្ឋប្រហារខាងលើ ដោយចាត់ទុកថា ការចែករំលែកបន្តគ្នានូវវីដេអូនោះ គឺជាការចូលរួមគាំទ្រការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាត នៅខេត្តបាត់ដំបង និងកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកឡើងវិញអំពីការខិតខំ យ៉ាងលំបាកក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យកងទាហាន និងប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព នៅក្នុងប្រទេស៕