(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ សម្តេចបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​ អេមីរ៉ាត​អា​រ៉ាប់​រួម ដោយសារតែប្រទេសនេះ មានជំនាញខ្លាំងលើការកែច្នៃកសិផល ដូច្នេះទើបសម្តេចស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា។

ការស្នើរបស់សម្តេចនេះ ដោយសារតែកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយរួចរាល់ ហើយកម្ពុជាមានផលិតផលស្រូវ ស្វាយចន្ទី និងដំឡូងមីរាប់លានតោនក្នុង១ឆ្នាំៗ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អេមីរ៉ាតអារ៉ាប់រួម គេមានលទ្ធភាពលើការកែច្នៃខ្លាំងណាស់ អីចឹងទេសុំឲ្យមកវិនិយោគកែច្នៃលើបញ្ហាបី ទី១៖ យើងសល់ស្រូវក្នុង១ឆ្នាំប្រមាណ៦លានតោន ក្នុងពេលដែលយើងខ្វះម៉ាស៉ីនកិនស្រូវ ខ្វះឃ្លាំងស្រុក និងប្រាក់ប្រមូលទិញ យើងចង់ឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួមចូលមកបង្កើតរោងចក្រកែច្នៃ ឃ្លាំងស្តុក និងប្រមូលទិញស្រូវ រួចហើយផ្គត់ផ្គង់ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ទៅតាមប្រភេទអង្ករដែលបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនគាត់, ទី២៖ ឲ្យមកធ្វើការកែច្នៃ ដែលយើងមានវត្ថុធាតុដើមរហូតដល់ជាង ១លានតោន គឺស្វាយចន្ទី ព្រោះត្រូវផ្គត់ផ្គង់ដល់ទេសចរ ឬនាំចេញទៅប្រទេសផ្សេងៗ និងទី៣ គឺដំឡូមីដែលយើងនាំចេញរាប់សិបលានតោនក្នុង១ឆ្នាំៗ ដោយគ្មានការកែច្នៃ និងពិនិត្យមើលលទ្ធភាពនៃការវិនិយោគដទៃទៀត រាប់ទាំងវិស័យប្រេងកាត»

សម្តេចេជោ ហ៊ុន សែន បន្ថែមថា ដើម្បីទាក់ទាញបាននូវការវិនិយោគពីបរទេស ចាំបាច់កម្ពុជាត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការវិនិយោគ ដូចជាផ្លូវដឹកជញ្ជូន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី ទឹក និងកម្លាំងពលកម្ម ដែលមានជំនាញ។

សូមជម្រាបថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា ដែលស្មើ ៦០ភាគរយ នៃទំហំពាណិជ្ជកម្មសរុប ប្រមាណ២២២លានដុល្លារអាមេរិកជាមួយតំបន់នេះ ក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន១០៤លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ។ នៅ៤ខែដើមឆ្នាំ២០២៣ កម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង២១លានដុល្លារ ខណៈនាំចូលពីអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង៥លានដុល្លារ។

កម្ពុជនាំចេញចេញទៅអេមីរ៉ាតអារ៉ាប់រួម មាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ថ្នាំជក់ គ្រឿងបង្គុំសម្រាប់យានជំនិះ និងផលិតផលធ្វើដំណើរជាដើម។ ចំណែកកម្ពុជានាំចូលពីអេមីរ៉ាតអារ៉ាប់រួមវិញមាន កៅស៊ូចាក់ថ្នល់ ស្ករ ចំណីសត្វ ផលិតផលប្រេង ថ្នាំជក់ កករស្រាទំពាំងបាយជូរជាដើម៕