មន្ត្រីសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារទួលសង្កែ
21-07-2016 15:22
(ភ្នំពេញ)៖ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចាត់តាំងលោក គង់ វុទ្ធី រួមជាមួយសាខាកាំកុងត្រូលរាជធានីភ្នំពេញ បាន សហការណ៍ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌឬស្សីកែវ ចុះត្រួតពិនិត្យទំនិញនៅផ្សារទួលសង្កែ និងហាងលក់ទំនិញផ្សេងៗ ដើម្បីរកឲ្យឃើញទំនិញទាំងឡាយណា ដែលអាចដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទ នាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្ត្រីសាខាកាំកុងត្រូលបានឲ្យដឹងថា «គោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើស្លាកសញ្ញាដែលជនខិលខូចមួយចំនួន បានលួចបញ្ចេញទំនិញមក លក់នៅលើទីផ្សារ ក្នុងរាជធានីភ្នំពេញ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់»។
លោក គង់ វុទ្ធី បានថ្លែងប្រាប់ឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារទួលសង្កែខាងលើនេះ គោលបំណងដើម្បីត្រួតពិនិត្យទំនិញ និងធ្វើការផ្សព្វផ្សាយ អប់រំដល់អាជីវករ អ្នកចែកចាយ អ្នកប្រើប្រាស់ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញាដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារក្នុងរាជធានីភ្នំពេញ៕