(អង់ការ៉ា)៖ ឧបនាយករដ្ឋមន្ត្រីតួកគីលោក Mehmet Simsek បានថ្លែងថា ការប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ន រយៈពេលបីខែនោះ នឹងមិនបង្កផលប៉ះពាល់ជាសាធារណៈដល់ពាណិជ្ជកម្ម និងការកាន់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនោះឡើយ ខណៈមន្ត្រីសរុបពីស្ថាប័ននានាចំនួន ៥០,០០០នាក់ហើយ ត្រូវបានដកចេញពីតំណែង និងចាប់ឃុំខ្លួន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
លោក Simsek ថ្លែងដូច្នេះថា «ជីវភាពរស់នៅរបស់ប្រជាជនទូទៅ និង ពាណិជ្ជកម្ម នឹងដំណើរការទៅដោយគ្មាន ផលប៉ះពាល់ ឬការរាំងស្ទះអ្វីនោះឡើយ។ យើងបានប្តេជ្ញានៅក្នុងការសម្រួលសេដ្ឋកិច្ចទីផ្សារ។ បន្ថែមពីនេះទៀត បញ្ហាសិទ្ធិមនុស្សក៏នឹងគ្មានការរងផលប៉ះពាល់នោះដែរ»។ យ៉ាងណាក៏ដោយក្រោយរដ្ឋប្រហារបរាជ័យ និងការរៀបចំ ប្រទេសឡើងវិញភ្លាមៗ រដ្ឋាភិបាលតួកគីបានសន្យាដើរតាម រដ្ឋធម្មនុញ្ញយ៉ាងពេញលេញ និងមិនឲ្យមានការប៉ះពាល់ ដល់សិទ្ធិចម្បងៗក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ៕