(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ មកពីស្រុកកំពង់ស្វាយចំនួន៦គ្រួសារ និងក្រុងស្ទឹងសែន៦គ្រួសារ ។
នាឱកាសលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ជាមួយនោះដែរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសូមផ្ដាំផ្ញើជូនពរដល់អតីតយុទ្ធជនសូមឱ្យមានសេចក្តីសុខ សេចក្តីម្រើន និងសុខភាពល្អ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឲ្យនៅគង់វង្សជារៀងរហូត។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
អំណោយដ៏ថ្លៃថ្លារបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕