(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្លែងពិធីបើកដំណើរការកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេងជុំទី២ ព្រមទាំងទទួលសារតាំងពីសាធារណរដ្ឋអាមេនីប្រចាំអាស៊ាន និងផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តី និងប្រព័ន្ធផ្សព្វផ្សាយចំនួន២ផងដែរ។

នាឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់យុវជន ដែលជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

សូមជម្រាបជូនថា កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេ ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីអាស៊ាន និងប្រសិទ្ធភាពការងារនៅក្នុងបរិស្ថានពហុភាគីដូចជាអាស៊ាន ដល់យុវជនអាស៊ាន។

ក្នុងថ្ងៃតែមួយនោះដែរ លោក Serob Bejanyan ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋអាមេនីប្រចាំអាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីតម្រូវការដើម្បីរិះរកសក្តានុពល ដើម្បីសហការបន្ថែមទៀតរវាងអាស៊ាន និងអាមេនី ហើយទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានប្រយោជន៍រួម។

ឆ្លៀតក្នុងឱកាសនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្តី Elite+ Magazine។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកពីទស្សនៈរបស់គាត់អំពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងកិច្ចការមួយចំនួនទៀតដែលអាស៊ានបាននិងកំពុងធ្វើ។

ក្នុងថ្ងៃតែមួយ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Medcom.id ដែលនៅក្នុងកិច្ចសម្ភាសន៍នោះ លោកអគ្គលេខាធិការអាស៊ាន បានធ្វើការវែកញែកលើកាលានុវត្តភាព ក៏ដូចជា ការប្រឈមដែលតំបន់កំពុងជួបប្រទះ ព្រមទាំងវិធីដែលអាស៊ានអាចរក្សាមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន នៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

បន្ថែមពីនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បន្តបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន ANTARA News។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់អំពី កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារផ្នែកសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល៕