(កំពង់ធំ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ទទួលអំណោយមនុស្សធម៌ ពីលោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងសប្បុរសជននានាក្នុងខេត្ត ដែលបានឧបត្ថម្ភសម្ភារ ថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»

ថ្លែងក្នុងឱកាសនោះ លោក ងួន រតនៈ បានលើកឡើងថា នេះជាសកម្មភាពដ៏ថ្លៃថ្លា ដែលបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក ដើម្បីចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា។

លោក ងួន រតនៈ បានបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។

ប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត បានបញ្ជាក់ថា ពិធីទទួលថវិកាសប្បុរសធម៌ ក្នុងឱកាសអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការ ចូលរួមគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋាន សម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកប្រធានគណៈកម្មាធិការសាខា និងសហការីទាំងអស់ បានសន្យានឹងយកថវិការបស់សប្បុរសជនទាំងអស់ ចាត់ចែងទៅតាមគោលការណ៍របស់សាខា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងអ្នកដែលត្រូវការជំនួយចាំបាច់ ហើយសូមគោរពជូនពរសប្បុរសជនទាំងអស់សូមរកស៊ីទទួលទានមានបាន សុខសុភមង្គល ឈ្នះអស់មារសត្រូវ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕