(ភ្នំពេញ)៖ ជារឿងដ៏រសើប និងភ្ញាក់ផ្អើលបំផុត ខណៈដែលអតីតសង្សារតារាចម្រៀង វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិស័ក្តិ មិនទាន់កន្លងផុត បានមួយថ្ងៃស្រួលផង ក៏ស្រាប់តែត្រូវបាន គេបកអាក្រាត ទម្លាយអាថ៌កំបាំងរឿងជំពាក់លុយ ៣០០ដុល្លារ និងរឿងបោកប្រាស់រថយន្តគេមួយគ្រឿងទៀត ស្របពេលលោក គុយ សិទ្ធិសក្តិ បានលក់ឲ្យភាគីម្ខាងទៀត តែបែរជាប្រែក្រឡាស់ យករថយន្តទៅវិញ ថែមទាំងមិនប្រគល់ប្រាក់ថ្លៃទិញរថយន្ត មកឲ្យម្ចាស់ដើមគេវិញឡើយ។
នៅលើ Account Facebook បុរសម្នាក់ដែលមានឈ្មោះថា «Sim Sotheara» បានសរសេរបង្ហោះភា្ជប់ជាមួយរូបថតថា «គុយ សិទ្ធិស័ក្តិ នេះបានលក់រថយន្តម៉ាក Hummer ឲ្យខ្ញុំក្នុងតម្លៃ៨ពាន់ដុល្លារ ក្រោយពីលក់រថយន្តឲ្យបានខ្ញុំ ចំនួន១០ថ្ងៃ បន្ទាប់មក គុយ សិទ្ធិស័ក្តិ បានប្រាប់ថា ម្តាយវាសុំលោះយកឡានទៅវិញ»។
ប្រភពខាងលើបានបន្តថា «បន្ទាប់មក ខ្ញុំក៏យល់ព្រមហើយបើកឡាន យកទៅឲ្យវាដល់ផ្ទះរួចក៏ជួបម្តាយវា ហើយម្តាយវាក៏សុំខ្ញុំឲ្យយកឡានចូលផ្ទះ ប្រាប់ថា កុំឲ្យអ្នកជិតខាងដឹងខ្មាស់គេ ហើយភ្លាមនោះ គុយ សិទ្ធិស័ក្តិ បានគេចខ្លួនចេញពីផ្ទះ ហើយម្តាយគេក៏បិទទ្វារមិនបានប្រគល់លុយឲ្យខ្ញុំទេ។ នេះប្រហែលវាអាងឪពុកវាឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ បានជាហ៊ានដើរបោកប្រាស់គេ គ្រប់គ្នាបែបនេះ។ សំណុំរឿងនេះ ខ្ញុំបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញហើយ!»។
ជុំវិញរឿងរ៉ាវចោទប្រកាន់ខាងលើនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ មិនទាន់អាចស្វែងការបកស្រាយ ពីសំណាក់លោកមន្រ្តីស័ក្តិ៤កន្លះ គុយ សិទ្ធិសក្តិ បាននៅឡើយទេ ខណៈរឿងជំពាក់លុយគេ៣០០ដុល្លារ ក៏កំពុតែក្លាយជាប្រធានបទក្តៅ នៃការនិយាយជជែកវែក ពីសំណាកទស្សនិកជនផងដែរថា ហេតុអ្វីមានតួនាទីធំប៉ុណ្ណឹងហើយ បែរជាដើរជំពាក់លុយគេ មិនសង រហូតត្រូវបានគេទម្លាយ បង្កជាក្តីអាម៉ាស់បែបនេះ៕