(កំពង់ធំ)៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវតែធ្វើឡើងជាសាធារណៈ មានតម្លាភាព និងលុបបំបាត់ឲ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ការថ្លែងបែបនេះរបស់លោកអភិបាលរងស្រុក ធ្វើឡើងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំសាគ្រាម នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក សេង សារ៉ាត បានស្នើឲ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឲ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឲ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។

លោកបានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឲ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឲ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ដោយឡែកអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃ ត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

អភិបាលរងស្រុករូបនេះ បានបន្ថែមថា ចំពោះអាជ្ញាធរឃុំទាំង០៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវ នៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ការដេញថ្លៃមូលនិធិឃុំឆ្នាំ២០២៣ គម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង២,៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ដីស ០.៧០ម៉ែត្រ កម្រាស់គ្រួស ០.១៥ម៉ែត្រ និងស្លាកគម្រោង១សាងសង់លូមូលទោលអង្កត់ផ្ចិត១ ម៉ែត្រប្រវែង ៨ម៉ែត្រ ចំនួន១កន្លែង តម្លៃប៉ាន់ស្មាន១៦១,៤៥៣,៦០៣រៀល ជាលទ្ធផលក្រុមហ៊ុនដែលទទួលបាន គឺក្រុមហ៊ុន ជាម សៀង ដេញបានក្នុងតម្លៃ ១៥៨,២០០,០០០រៀល ចុះ២.០២%៕