(កណ្តាល)៖ លោក ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង១,៥៥៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះ លោក ប្រាក់ ចំរើន បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ប្រាក់ ចំរើន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានក្នុងមូលដ្ឋាន ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងអភិវឌ្ឍន៍ភូមិ ឃុំរបស់យើងឲ្យកាន់តែរីកចម្រើនស្រស់បំព្រងឡើងថែមទៀត។

ទន្ទឹមនឹងនេះសូមប្រជាពលរដ្ឋទាំងអស់ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឲ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល និងសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេស ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ជាប្រទេសងើបចេញពីជំងឺកូវីដ១៩លឿនជាងគេ និងស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស បើកដំណើរការពេញលេញទាំងសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ លោកក៏បានអញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបន្តសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ លោក ប្រាក់ ចំរើន ក៏បានចែកសារុងជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ផងដែរ។

បន្ទាប់មកលោក ប្រាក់ ចំរើន ក៏បានអញ្ជើញចុះទៅពិនិត្យផ្លូវបេតុងដែលបានសាងសង់រួច មានប្រវែង១,០៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ព្រាមទាំងឧបត្ថម្ភផ្ទាំងស៊ុលឡា ចំនួន៣៣ដើមទៀត ដើម្បីបំភ្លឺផ្លូវងាយស្រួលក្នុងការធ្វើដំណើរ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ខេត្តកណ្តាល ព្រមទាំងបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានជូនថវិកាឧបត្ថម្ភឃុំដំណាក់អំពិលចំនួន ៧៨,៦២០,០០០រៀល។

សូមជម្រាបថា ការកសាងផ្លូវចំនួនពីរខ្សែខាងលើនេះ លោក ប្រាក់ ចំរើន បានចូលរួមឧបត្ថមថវិកាចំនួន២៤លានរៀល និងឧបត្ថម្ភឃុំដំណាក់អំពិល សរុបថវិកាទាំងអស់ចំនួន១០២,៦២០,០០០រៀល (មួយរយពីរលាន ហុកស៊ិបពីរម៉ឺនរៀល)៕