(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការណែនាំផ្ដាំផ្ញើទៅដល់មន្រ្តី ដែលទើបតែតែងតាំងមុខតំណែងថ្មីថា មុខតំណែង និងតួនាទីភារកិច្ច ដែលបានផ្តល់ឲ្យយើងនេះ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដែលគ្រប់គ្នាមានភារកិច្ចធ្វើការបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព ក្នុងស្មារតីសាមគ្គីភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង និងរាជរដ្ឋាភិបាល។
ការថ្លែងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន៥៥រូប នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអបអរសាទរចំពោះមន្ត្រីទាំងអស់ ដែលត្រូវបានតែងតាំងដោយអនុក្រឹត្យចំនួន ០៧រូប និងប្រកាសចំនួន ៤៨រូប ដែលក្នុងនោះរួមមានថ្នាក់អគ្គនាយករងចំនួន ០៤រូប ថ្នាក់ប្រធាននាយកដ្ឋានចំនួន ០៣រូប ថ្នាក់អនុប្រធាននាយកដ្ឋានចំនួន ០៣រូប ថ្នាក់ប្រធានការិយាល័យចំនួន ១១រូប និងថ្នាក់អនុប្រធានការិយាល័យចំនួន ៣៤រូប។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការតែងតាំងនេះ គឺផ្អែកលើសមិទ្ធផលការងារ អត្តចរិក ចំណេះជំនាញ និងបទពិសោធន៍ការងាររបស់បុគ្គលម្នាក់ៗសុទ្ធសាធ ហើយយើងក៏ផ្អែកទៅលើការបោះឆ្នោតស្ទង់មតិភ្នែកមហាជន ដែលក្រសួងបានធ្វើក្នុងមួយឆ្នាំ២ដងផងដែរ។
បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជើញប្រគល់អនុក្រឹត្យ និងប្រកាសតែងតាំងដល់មន្ត្រីទាំងអស់ និងថតរូបរួមគ្នាក្នុងភាពស្និទ្ធស្នាល និងរីករាយបំផុត៕