(ភ្នំពេញ)៖ ជនសង្ស័យ៤នាក់ ជាក្រុមតែមួយដែលជាមុខសញ្ញាឆក់ទូរស័ព្ទ ត្រូវនគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ សហការជាមួយនគរបាលប៉ុស្តិ៍បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រមទាំងប្រជាពលរដ្ឋឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយឆក់ទូរស័ព្ទពីអ្នកដំណើរតាមផ្លូវ២លើកក្នុងថ្ងៃតែមួយ គ្រាន់តែខុសពេលវេលា និងនៅទីកន្លែងផ្សេងគ្នាតែប៉ុណ្ណោះ។

នគរបាលបានប្រាប់ឲ្យដឹងថា សកម្មភាពលើកទី១ នៅវេលាម៉ោងប្រហែល ៩៖១០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងបុរី គឹម សាន្ត ផ្លូវបេតុង ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  ប្រព្រឹត្តឡើងដោយជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ប្រាក់ ដារ៉ូ ហៅ រ៉ូ អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)។
*ទី២៖ ឈ្មោះ ស៊ឺន ស៊ាំង អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ផ្លូវលំ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)។

ពួកនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Vivo ១គ្រឿងពីស្រ្តីម្នាក់ឈ្មោះដួង ធីតា អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខG16 បុរី គឹម សាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល បានសម្រេចបន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះពុំបានទៅដាក់ពាក្យប្ដឹងភ្លាមៗនោះទេ ប៉ុន្តែកម្លាំងនគរបាលខណ្ឌកំបូល បានទទួលដំណឹងនេះពីប្រជាពលរដ្ឋ ក៏បានចុះទៅធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព ហើយបានរកឃើញភិនភាគជនសង្ស័យជាមនុស្សប្រុស មានគ្នាចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាប៊ីត មិនស្គាល់សេរី និងផ្លាកលេខ។

រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៦និង០០នាទី សមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះប្រាក់ ដារ៉ូ ហៅ រ៉ូ នៅចំណុចផ្លូវបេតុងលេខ42 មុខរោងចក្រយីហោ តៃណាន ភូមិបែកចាន ឃុំបែកចាន។

បន្ទាប់មកបាននាំយកមកសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ហើយជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨៖៤៥នាទី ខ្លួន និងបក្ខពួកម្នាក់ឈ្មោះ ស៊ាំង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីមនុស្សស្រីម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ZOOMER-X ពណ៌ខៀវ កាន់ទូរស័ព្ទនៅដៃខាងឆ្វេង នៅចំណុចក្នុងបុរី គឹម សាន ផ្លូវបេតុង ភូមិតាកេរ្តិ៍ សង្កាត់កំបូល ពិតប្រាកដមែន។

រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៧៖៥០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ បន្ទាប់មកនៅវេលាម៉ោងប្រហែល ១៥៖២០នាទីរសៀលថ្ងៃដដែល នគរបាលខណ្ឌកំបូល បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឺន ស៊ាំង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នាំយកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។

នគរបាលបានឲ្យដឹងថា លើកទី២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៣និង៣៥នាទី នៅផ្លូវបេតុងលេខ៤២ ភូមិជំទាវម៉ៅ សង្កាត់កំបូល ខណ្ឌកំបូល ប្រព្រឹត្តឡើងដោយជនសង្ស័យ២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជាសិរីរតនា ហៅ ជីងហ័រ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)
*ទី២៖ ឈ្មោះ នឿក ភក្រ្តា ហៅ ត្រេន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)។
ពួកនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Iphone11Promex ១គ្រឿងពីស្រ្តីម្នាក់ឈ្មោះ អន ស្រីរ័ត្ន អាយុ២៤ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ប៉ុន្តែមិនបានសម្រេចឡើយ។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៣និង០០នាទី ជនរងគ្រោះបានបើកម៉ូតូតែម្នាក់ឯងចេញពីផ្ទះនៅភូមិព្រៃសំរោង (ឃុំបែកចាន) ទៅលេងបងប្អូននៅភូមិទូលលៀប (សង្កាត់ស្នោរ) ធ្វើដំណើរតាមផ្លូវបេតុង (៤២) ដោយទុកទូរស័ព្ទម៉ាក 11 ប្រូម៉ែក ពណ៌ទឹកមាស នៅក្នុងហោប៉ៅខោខាងក្រោយខាងស្ដាំ។

ពេលជិះដល់ចំណុចក្រោមផ្លូវល្បឿនលឿនម្ដុំវត្តអង្គបឹងចក ស្របពេលនោះ ជនសង្ស័យឈ្មោះ នឿក ភក្រ្តា បានបើកម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ស៊េរី 022 ឌុបជនសង្ស័យឈ្មោះ ជា សេរីរតនា បញ្ច្រាសទិសគ្នាជាមួយជនរងគ្រោះ ដោយជនសង្ស័យក្រឡេកឃើញជនរងគ្រោះទុកទូរស័ព្ទ នៅក្នុងហោប៉ៅខោខាងក្រោយ លានចេញក្រៅពាក់កណ្ដាល ជនសង្ស័យបានបើកម៉ូតូត្រឡប់ក្រោយដេញតាមម៉ូតូជនរងគ្រោះពីក្រោយ វ៉ាអែបទន្ទឹមខាងស្ដាំដៃជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ជា សេរីរតនា បានប្រើដៃឆ្វេងលូកចាប់ឆក់យកទូរសព្ទរបស់ជនរងគ្រោះបានសម្រេច ធ្វើឱ្យជនរងគ្រោះរេចង្កូតម៉ូតូប៉ះគ្នាបណ្ដាលឲ្យដួលម៉ូតូទាំងអស់គ្នា ភ្លាមនោះជនសង្ស័យបានលើកម៉ូតូបម្រុងជិះគេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ រួមទាំងវត្ថុតាង រួចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល៕