(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រីកផ្លូវជាតិលេខ៥ ជាបន្តបន្ទាប់ ដើម្បីឱ្យមានលក្ខណៈធំជាងមុន ហើយគម្រោងនេះនឹងធ្វើឡើង៣ដំណាក់កាល ក្រោមជំនួយឧបត្ថម្ភសាងសង់ពីរាជរដ្ឋាភិបាលជប៉ុន។
នៅក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានថ្លែងថា «ផ្លូវជាតិលេខ៥ថ្វីត្បិតតែបានកែលម្អ ក៏ប៉ុន្តែប៉ុណ្ណឹងវាអត់ទាន់គ្រប់ទេ ផ្លូវជាតិលេខ៥ ពីស្ពានព្រែកក្តាមទៅទល់នឹងព្រំដែនកម្ពុជា-ថៃ ត្រូវបានជប៉ុនទទួលរ៉ាប់រង ក្នុងនោះជំហានទី១ពីបាត់ដំបងទៅ ស៊ីសុផុន ហើយបានចុះហត្ថលេខាតាំងពី២០១៣-២០១៤»។
សម្តេចតេជោ បានបន្ថែមថា «អាហ្នឹងត្រូវពង្រីកពីបាត់ដំបងយើងទៅបន្ទាយមានជ័យ ឯកិច្ចព្រមព្រៀងមួយទៀត ចុះហត្ថលេខារួចហើយ គឺធ្វើពីព្រែកក្តាម ទៅស្រែម្អម មកដល់ពោធិ៍សាត់ ឯដំណាក់កាលចុងក្រោយគឺពីពោធិ៍សាត់ មកបាត់ដំបងវិញ អញ្ចឹង៣ដំណាក់កាលនេះជប៉ុនទទួលបន្ទុក»។
ផ្លូវជាតិលេខ៥ គឺជាផ្លូវជាផ្លូវជាតិដ៏វែងមួយ ពីរាជធានីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដែលមានប្រវែងរហូតដល់ ៤០៨គ.ម៕