(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា កសាងសង្គមជាតិ ជួយអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យបានថ្កុំថ្កើនរុងរឿង ចៀសវាងការប្រកាន់បក្ខពួកអាចធ្វើឱ្យបាត់បង់ជំនឿ និងធ្វើឱ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនារបស់យើង។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកចូលរួមសម្ពោធសាលាពុទ្ធកបឋមសិក្សា និងសមិទ្ធិផលនានា ក្នុងវត្តអរិយវង្សារាមអំពិល ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងកោតសរសើរ និងសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុត ចំពោះព្រះមេគុណទាំងពីគណៈ ព្រមទាំងមន្ត្រីសង្ឃខេត្ត ព្រះអនុគណៈ ព្រះចៅអធិការ ប្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធសាសនិកទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន សមស្រប ទៅតាមស្ថានភាពសង្គមយើងសព្វថ្ងៃ។

លោក ប៉ែន កុសល្យ បានថ្លែងទៀតថា វត្តអារាម រួមទាំងព្រះសង្ឃគ្រប់ព្រះអង្គ មិនគ្រាន់តែជាទីស្ថាន និងជាបុគ្គលសម្រាប់តែគោរពសក្ការៈបូជាប៉ុណ្ណោះទេ ជាកន្លែងមួយបង្កើតប្រភពបណ្តុះបណ្តាល នូវបញ្ញាញាណជាថ្នាល បណ្តុះបញ្ញាជន សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យផងដែរ។ជាក់ស្តែងយើងសង្កេតឃើញថា សាលារៀន មានទីតាំងជាប់និងវត្តដែរ បានបង្ហាញឱ្យយើងឃើញថា វត្តអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែកក្នុងការ កសាងសង្គមជាតិមួយ ប្រកបដោយសីលធម៍ ចរិយាធម៍ ដើម្បីឱ្យមានការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្តាំផ្ញើ និងអំពាវនាវដូចខាងក្រោម៖

*សូមបន្តពង្រឹងគុណភាពការដឹកនាំ និងគ្រប់គ្រងវត្តអារាម ឱ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ និងរក្សាតម្លៃព្រះពុទ្ធសាសនា ធ្វើឱ្យវត្តអារាមក្លាយទៅជាចំណេះដឹងផ្លុវលោក ផ្លូវធម៌ អប់រំផ្លូវចិត្តជៀសវាងនូវអំពើហឹង្សា។
*សូមបន្តការទប់ស្កាត់ការធ្វើសកម្មភាពអាជីវកម្មលើសាសនា កេងប្រវ័ញដើម្បីផលប្រយោជន៍ លាភសក្ការៈតាមគ្រប់រូបភាពដូចជា៖ការឃោសនារៃអង្គាស តាមទីប្រជុំជនសាធារណៈធ្វើឱ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា។
*សូមបន្តការយកចិត្តតុកដាក់លើការចុះបញ្ជីដីគរុភណ្ឌវត្ត(ទ្រព្យសម្បត្តិរដ្ឋ)។
*សូមព្រះថេរានុត្ថេរៈ សមណៈសិស្សគ្រប់ព្រះអង្គ បន្តការខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពធម៍ វិន័យ ប្រតិបត្តិឱ្យបានល្អជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ។
*សូមពុទ្ធបរិស័ទទាំងអស់ រួបរួមសាមគ្គីគ្នា កសាងសង្គមជាតិ ជួយអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យបានថ្កុំថ្កើនរុងរឿង។
*ចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ៕