(ភ្នំពេញ)៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និង លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង បានថ្លែងចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។

ក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សា រសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

លោកបន្តថា កម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ងៀវទេសចរពីប្រទេសនេះបានផងដែរ។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។

ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាពច្រើនជាគ្រឿងស្រវឹង​ និងសាច់ជ្រូក។

ចំណែកកម្ពុជា នឹងផ្តល់ទីផ្សារប្រមាណ ៩១.៦២% នៃបន្ទាត់ពន្ធសរុប ឬស្មើ១០ ៤៥៧ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាផ្តល់ទីផ្សាររួមមាន៖ ប្លាស្ទិក កៅស៊ូ ផលិតផលប្រេងឆៅមួយចំនួន ក្រដាស ដែក និងដែកថែប ឧបករណ៍អគ្គិសនី យានយន្តសម្រាប់ដឹកទំនិញ ត្រាក់ទ័រ។-ល-។​

សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ និងលោក ថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី នាអំឡុងការចូលរួមពិព័រពិភពលោកឌុយបៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ។ ​ការចរចានេះមានរយៈពេល៣ជុំ ដោយប្រើរយៈពេល ៦ខែ​៕