(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងដាក់ឱ្យប្រើប្រាស់កម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឈ្មោះថា Public IDPoor App ដើម្បីឱ្យប្រជាពលរដ្ឋអាចផ្តល់ជាមតិជំទាស់ សំណូមពរផ្សេងៗពាក់នឹងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ពិធីឱ្យប្រើប្រាស់ App នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ, លោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក Jost Kadel លេខាទី១ ស្ថានទូតនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី តំណាង ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, រដ្ឋបាលថ្នាក់ក្រោមជាតិ, អង្គការសង្គមស៊ីវិល, អង្គការសហគមន៍មូលដ្ឋាន។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា កម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ អាចដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ ដើម្បីផ្តល់ឱកាស និងភាពងាយស្រួលដល់សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងៗក្នុងការផ្តល់មតិជំទាស់ និងសំណូមពរទៅអ្នកអនុវត្ត និងអ្នកគ្រប់គ្រងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអំពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានឱ្យដឹងថា កម្មវិធីថ្មីនេះបានភ្ជាប់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី-ខេត្ត ធ្វើការវាយតម្លៃ និងជួយពង្រឹងគុណភាព ប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និងគេហទំព័រ www.idpoor.gov.kh (http://www.idpoor.gov.kh/) សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុមការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ»

ទេសរដ្ឋមន្ត្រី ឆាយ ថន បានរំលឹកថា កាលពី១៥ឆ្នាំមុន នៅពេលដែលការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានរៀបចំបង្កើតឡើងជាលើកដំបូង ដោយឈរលើមាគ៌ាឆ្ពោះ ទៅរកការការពារសង្គមកាន់តែប្រសើរ និងវិបុលភាពរួមមួយ, ការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ គឺជាយន្តការជាតិដំបូងគេ ត្រូវបានរៀបចំ និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីថ្មីនេះបានភ្ជាប់ជាមួយ ប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ។

បើតាមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា គាំទ្រចំពោះការដាក់ឱ្យដំណើរការ នូវកម្មវិធីសង្គមមួយនេះ ដោយលោកថា ជាការពង្រីកវិសាលភាពគ្របដណ្តប់ ដល់គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ន តាមរយៈយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គឺប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសបាន និងកំពុងទទួលនូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ ហើយទិន្នន័យដែលប្រមូលបានតាមរយៈប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្ហាញឱ្យឃើញពីគុណតម្លៃយ៉ាងសំខាន់មិនត្រឹមតែ សម្រាប់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកមានចំណែកពាក់ព័ន្ធដទៃជាច្រើនទៀតបានយកទិន្នន័យនេះទៅប្រើជាមូលដ្ឋានសម្រាប់កិច្ចការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពក្រីក្រ តាមរយៈសកម្មភាពអាទិភាពរបស់ខ្លួនជាច្រើន៕